(ហាណូយ)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា​ដែលបានបន្តរហូតមកតាំង​ពីថ្ងៃសៅរ៍ សប្តាហ៍មុនមួយទៀតនោះ​បានផ្តាច់​យក​ជីវិតមនុស្សចំនួន ២៤នាក់នៅ​ភាគ​កណ្តាលប្រទេសវៀតណាម។ នេះបើតាមនាយក​ដ្ឋានបង្ការ​ និងគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ ដែល​ចេញ​ផ្សាយ​ដោយ​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ចិន​ ស៊ិនហួរ នៅមុននេះបន្តិច​នា​រសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

គិតត្រឹមរសៀលថ្ងៃចន្ទនេះ នៅក្នុងចំណោមមនុស្សស្លាប់ទាំង ២៤នាក់ខេត្ត Binh Dinh ភាគកណ្តាល​ប្រទេសវៀតណាម​បាន​រាយ​ការណ៍ ​អំពី​​តួ​លេខ​ច្រើន​​ជាង​គេ​​បង្អស់​គឺ​ដល់​ទៅ ​១៦នាក់, ខេត្ត Thua Thien-Hue មានអ្នកបាត់បង់ជីវិតប្រាំនាក់, ខេត្ត Khanh Hoa មានពីរនាក់, និងខេត្ត​ Phu Yen មានម្នាក់ ខណៈ​មនុស្ស​ប្រមាណជា ១៦នាក់ទៀតបានទទួលរងបួស ហើយពីរនាក់ផ្សេង​នៅតែ​បន្តបាត់ខ្លួននៅឡើយ។

ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងនេះបានហូរនាំយកផ្ទះចំនួន ៣៣២ខ្នង, ធ្វើឲ្យខូចខាតចំនួន ១១៨ខ្នង, និងបណ្តាលឲ្យជន់លិច ៦,១៥០ខ្នង ខណៈ​មនុស្សសរុបចំនួន ៥,៨៩២គ្រួសារ​បានបង្ខំចិត្ត​ជម្លៀស​ខ្លួន​ពីលំនៅឋាន​របស់ពួកគេ។ បន្ថែមពីនេះទៀត​វាលស្រែទំហំ ១៩,១២៨ហិកតា, ផ្ទៃដីចម្ការទំហំ​៩,៨០៦ហិកតា, រួមនិងព្រៃឈើទំហំ ៣,៧៧៨ហិកតាត្រូវបានលិចលង់​នៅក្រោមទឹកជន់​ផងដែរ។ ទន្ទឹម​នឹង​នេះ​​សត្វ​គោ​ក្របី​ប្រមាណ​១,៣៨០ក្បាល និងមាន់ទាចំនួន ៦២,៣៤៦ក្បាលបានងាប់ក៏ដូចជាកួច​ទៅតាមទឹកថែមទៀតផង។

គួរបញ្ជាក់ថា បើយោងតាមការប៉ាន់ស្មាន​របស់នាយកដ្ឋាន​ខាងលើ ទំហំនៃការបំផ្លិចបំផ្លាញដោយការធ្លាក់​ភ្លៀង​​រយៈ​ពេល ០៨​ថ្ងៃ​ជាប់​គ្នា​នៅ​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម​​នេះសរុបគិតជាទឹកប្រាក់​ចំនួន ៧៨៣ពាន់លានដុង ដែលស្មើនឹង ៣៥.១១លានដុល្លារសហរដ្ឋអាមេរិក៕