(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាប​រថយន្តដឹកឈើ០១ គ្រឿង ម៉ាកទីតាន់ ទម្ងន់មួយតោនកន្លះ ពណ៌ស លាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ: 3B-4020 នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦  ស្ថិតនៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយឡែកអ្នកបើកបរ និងម្ចាស់ឈើបានគេចខ្លួនបាត់ស្រមោល ។

សម្រាប់ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ០១គ្រឿងខាងលើនេះ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿងដែលមានផ្ទុកឈើម្រេញចំនួន១០ដុំ ស្មើនិង៤គីប៧ផ្លាន ក្រោយវាស់វែងជាក់ស្តែង ។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់វត្ថុតាងទាំងអស់ ទៅដែនជំរក សត្វព្រៃភ្នំឱរ៉ាល់ ដើម្បីបន្តនីតិវិធី ហើយកម្លាំងជំនាញ នឹងបន្តការស្រាវជ្រាវ តាមចាប់ជនសង្ស័យដើម្បីផ្តន្ទា​ទោសទៅតាម​ច្បាប់៕