(ព្រះសីហនុ)៖ ឃាតកដែលបានវាយសម្លាប់ប្រពន្ធ និងកូនប្រុសតូចអាយុជាង២ឆ្នាំរបស់ខ្លួន ដោយគ្មានញញើតដៃ និងមានតួនាទីជាស្មៀនឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតផងនោះ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនប្រព្រឹត្តអំពើឃាតកម្មក៏សាហាវខាងលើនេះ គឺដោយសារខ្លួនស្រវឹងស្រា។

ជនសង្ស័យរូបនេះ បានប្រាប់សមត្ថកិច្ចនៅក្នុងបន្ទប់សួរចម្លើយថា មូលហេតុដែលសម្លាប់ប្រពន្ធ និងកូន គឺដោយសារតែស្រវឹងស្រា ហើយក្រោយពេលប្រព្រឹត្តសកម្មភាពរួច ខ្លួនបានបើករថយន្ដដឹកកូនប្រុសបង គេចខ្លួនទាំងយប់នៅម៉ោងជាង២រំលងអាទ្រាធ្រា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ឃាតកចិត្តកំណាចសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួននៅចំណុចផ្លូវទៅកាន់ឆ្នេរអូរឈើទាល នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយកម្លាំងនគរបាល ក៏បានរំដោះបានកូនប្រុសម្នាក់ទៀត ជាកូនបងដែលជនសង្ស័យយកទៅជាមួយ និងដកហូតបានរថយន្ដម៉ាក Corola មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-1565។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយពេលមានអំពើឃាតកម្ម និងមានសេចក្ដីរាយការណ៍ពីស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ហើយពេលនោះកម្លាំងអន្ដរាគមន៍របស់លោក បានបើករថយន្ដដេញគៀរជននេះ ខណៈកំពុងបើករថយន្តដឹកកូនបងទៅកាន់ឆ្នេរអូឈើទាល រហូតរថយន្តរបស់កម្លាំងអន្តរាគមន៍រងការខូចខាតផងដែរ។

លោកស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញរបស់លោក កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅនគរបាលខេត្តកំពតវិញ ហើយក្រោយសួរនាំជនសង្ស័យនេះ មិនមានជាមនុស្សសរសៃប្រសាទដូចការសិន្នដ្ឋានដំបូងឡើយ។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បានកើតឡើងនៅព្រឹកទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បន្ទាប់ពីជនដៃដល់បានប្រើចបវាយសម្លាប់ប្រពន្ធ និងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

មន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ មុខរបរ ជាស្មៀនឃុំកោះតូច នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ៕