(ភ្នំពេញ)៖ លោក ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលយុវជន ស្រុកជើងព្រៃ តំណាងលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ចុះជួបសំណេះសំណាលជាមួយប្រជាកសិករទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយរាល់បញ្ហា ដំណាំរបស់កសិករ ពីក្រុមអ្នកឯកទេស ការពារដំណាំស័្មគ្រចិត្ត យុវជនស្រុក។

តំណាងក្រុមអ្នកឯកទេសដំណាំ ស័្មគ្រចិត្ត យុវជនស្រុកជើងព្រៃ បានលើកឡើងថា ចាប់ពីខែមករា ឆ្នាំ២០១៦មក រហូតមកដល់បច្ចុប្បន្នក្រុមឯកទេស​​ការពារដំណាំបានចុះបណ្ដុះបណ្ដាល អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ ជី ថ្នាំ កសិកម្មដល់យុវជន និងប្រជាកសិករក្នុងស្រុកជើងព្រៃ ព្រមទាំងបានចែកជូន​នូវជី ថ្នាំ ឲ្យកសិករយកទៅប្រើប្រាស់លើដំណាំជាក់ស្ដែង។

ក្នុងនោះដែរ ក្រុមអ្នកឯកទេសដំណាំ កំពុងរៀបចំបញ្ជូនប្រជាកសិករជាសមាជិក ដោយក្រោយពីចូលជាសមាជិករួចមក កសិករនឹងទទួលបាន​ផលប្រយោជន៍​​៨យ៉ាងដូចជា ទី១៖មានជំនាញកសិកម្មទំនើប ទី២៖មានសួនបន្លែ និងសត្វចិញ្ចឹមតាមធម្មជាតិបរិភោគក្នុងគ្រួសារ ទី៣៖មានទីផ្សារលក់​ទាំងកសិផល និងសត្វចិញ្ចឹម ទី៤៖មានប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ ទី៥៖មានការងារនៅតាមភូមិឃុំ មិនចំណាក់ស្រុក ទី៦៖ មានសុខភាពល្អ​ក្នុងគ្រួសារ និងបរិដ្ឋានក្នុងភូមិឃុំ ទី៧៖មានជំនួយឧបត្ថម្ភ ដើម្បីពង្រីក មុខរបរកសិកម្មគ្រួសារ និងទី៨៖ មានសមាជិកភាពជាមួយ សកក៤ ធ្វើឲ្យគ្រួសារ​រុងរឿង៕