(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា​ ឯកអគ្គរាជទូវិសាមញ្ញា និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហុង បញ្ញារិទ្ធ ទីប្រឹក្សាផ្ទាល់​​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្ដគាំទ្រកម្ពុជាលើគ្រប់វិស័យ ហើយថែមទាំងបន្ដកិច្ចសហប្រតិបត្តិការ​​នៃប្រទេសទាំង២កាន់តែខ្លាំងផងដែរ។​

ក្នុងជំនួបនោះលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា កម្ពុជា-ជប៉ុន គឺជាដៃគូយុទ្ធសាស្ដ្រ  ក្នុងការទំនាក់ទំនងគ្នាជាយូរមកហើយ ហើយ​ជប៉ុននៅតែបន្ដគាំទ្រកម្ពុជាឲ្យបានពេញទំហឹង ព្រមទាំងអនុវត្តនូវកិច្ចសហប្រតិបត្តិការចាស់ ​និងនាំមកនូវកិច្ចសហប្រតិបត្តិការ​ថ្មីបន្ថែមទៀត។​​

ដោយឡែក ចំពោះសាលាខ្មែរក្រហម លោកឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តជាចំណុចដែលរដ្ឋាភិបាលជប៉ុនជួយ ដើម្បីរកយុត្តិធម៌ដល់ពលរដ្ឋកម្ពុជា​ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍មួយនេះ។​

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ជួយដល់កម្ពុជា​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្ដល់នូវកម្ចីដែលមានការប្រាក់ទាប។​

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានរំលឹកផងដែរ នូវការអនុវត្តផែនការ៣ឆ្នាំរបស់ជប៉ុន ពោលគឺចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដែលឧបនាយក​​រដ្ឋមន្ដ្រីស្នើឲ្យជប៉ុន ជួយពន្លឿនក្នុងការអនុវត្តផែនការនេះផងដែរ៕​