(ភ្នំពេញ)៖ លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង និងនាំយករថយន្តពិសោធន៍ចល័ត (MOBILE LAB) ទៅត្រួតពិនិត្យគុណភាពទំនិញ នៅក្នុងផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ។

ក្នុងឱកាសចុះត្រួតពិនិត្យទំនិញលោក ប៊ុន ចំរើន បានឲ្យដឹងថា «កន្លងមកមន្រ្តីកាំកុងត្រូលតែងតែធ្វើតេស្តបឋម ទៅលើទំនិញនៅក្នុងផ្សារ តែឥឡូវនេះ យើងបានយកឡានពិសោធន៍ចល័ត ដើម្បីធ្វើការពិសោធន៍ បន្ថែមឲ្យច្បាស់ ដោយទទួលបានលទ្ធផលភ្លាមៗ នៅលើផលិតដែលដែលពិសោធន៍ហ្នឹង វាមានសាធាតុគីមី ឬមិនមាន បញ្ជាក់បន្ថែមឲ្យច្បាស់»។

លោកបានបន្តថា «Test Kit ដែលយើងបានធ្វើកន្លងមកហ្នឹង ក៏បានបញ្ជាក់ វាមាន ឬមិនមាន មានកម្រិតស្រាល ឬធ្ងន់ ប៉ុន្តែឡានពិសោធន៍ចល័តនេះ គឺបញ្ជាក់ច្បាស់តែម្ដង ថាមានសាធាតុគីមីកម្រិតណា គឺច្បាស់តែម្ដង»។

បើតាមលោក ប៊ុន ចំរើន ការនាំយក MOBILE LAB មកត្រួតពិនិត្យ និងពិសោធន៍ទំនិញនៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅនេះ គឺដើម្បីពង្រឹងសុខមាភាពប្រជាពលរដ្ឋ ការពារកុំឲ្យមានទំនិញខូចគុណភាពចូលទៅដល់ទីផ្សារ ព្រោះកាលណាទៅដល់ទីផ្សារហើយ ប្រជាពលរដ្ឋពួកគាត់ នឹងទិញយកទៅបរិភោគ ឬប្រើប្រាស់ហើយបង្កឲ្យមានបញ្ហាដល់សុខភាព។

លោកប្រធានសាខាបានបញ្ជាក់ថា ការធ្វើតេស្តទៅគ្រឿងសមុទ្រ រួមមាន៖ មឹក បង្គារ បន្លែ ផ្លែឈើ ជ្រក់ នំបញ្ចុក បាញ់ស៊ុង ឃើញថា ទទួលបានលទ្ធផលល្អ ដោយអាជីវករមានការយល់ដឹងច្បាស់ អំពីសុវត្ថិភាពម្ហូបអាហារ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលនាយកដ្ឋានកាំកុងត្រូល បាននាំយក MOBILE LAB ទៅពិនិត្យ និងពិសោធន៍ទំនិញខូចគុណភាព ដែលកន្លងមកបានធ្វើឡើងនៅក្នុងផ្សារធំថ្មី ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ និងលោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ហើយសកម្មភាពនេះ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធ្វើទៀតនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា៕