(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា រដ្ឋមន្រ្តីការបរទេសចិន-វៀតណាម-ឡាវ-ថៃ នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសៀមរាប។

ដំណើរព្រមៗគ្នារបស់រដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសប្រទេសទន្លេមេគង្គ ធ្វើឡើងតបតាមការអញ្ជើញរបស់ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​បានបញ្ជាក់ថា រដ្ឋមន្រ្តី និងតំណាងដែលមកចូលរួមក្នុងកិច្ចប្រជុំខាងលើរួមមាន លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ក្យាវ ទីន អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក ដូន ប្រាំម៉ូវីណៃ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងលោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្រ្តីក្រសួងការបរទេស​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕