(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាដ៏ធំមួយ នៅដើមឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យជាតិ៧ មករា ២០១៧ និងប្រមូលមូលនិធិគាំទ្រសកម្មភាព សមាគមអតីត យុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ លឹម ផាន់ភារ: សមាជិកគណ:កម្មការរៀបចំការប្រកួតកីឡានេះ បានថ្លែងឲ្យដឹងថា សន្និសីទសារព័ត៌មាននេះនឹងត្រូវ រៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល នៅគណៈកម្មការជាតិកីឡាអូឡាំពិកកម្ពុជា (NOCC) ដែលមានទីតាំង ស្ថិតនៅក្បែរ រង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំ ឡើងក្នុងគោលបំណងអបអរសាទរទិវាបុណ្យជាតិ៧ មករា២០១៧ និងប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា»

ព្រឹត្តិការណ៍មានរយៈ ពេល៣ថ្ងៃគឺ ថ្ងៃទី៦-៧-៨ មករា ឆ្នាំ២០១៧ ដែលនឹងមានការប្រគុំតន្រ្តីនៅពេលរាត្រីទាំង៣ថ្ងៃ និងបើកការប្រកួត កីឡាកង ទ័ពផ្លូវការនៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦ ៣០ព្រឹកនៅទីធ្លាធំមុខសាលមហោស្រពកោះពេជ្រ។

លោកបានបន្តទៀតថា «គោលបំណងនិងអត្ថប្រយោជន៍ នៃការរៀបចំការប្រកួតនេះគឺ សំដៅឲ្យនាយទាហានយើង
ផ្ដោតជាសំខាន់លើការហ្វឹកហាត់ជាប្រចាំ កសាងការសម្បទារឹងមាំ ឆន្ទះមោះមុត និងសមត្ថភាពជំនាញរៀងៗខ្លួន ពិសេសគឺរឹតចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គភាពដ៏ទៃទៀតដើម្បីឈានទៅរក ជោគជ័យក្នុងបេសកកម្មរួមគ្នា នាពេលអនាគត»

លោកឧត្តមសេនីយ៍លឹម ផាន់ភារៈ បានបន្ថែមទៀតថា «ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរទិវាបុណ្យជាតិ៧មករា ឆ្នាំ២០១៧ នេះគឺជាប្រព្រឹត្តការណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលមានការចូលរួមពីកងទ័ព ជាមួយនឹងមហាជនទូទៅពិសេសគឺយុវជនតែម្ដង ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពជិតស្និតរវាងកងទ័ព ជាមួយប្រជាជន»។ ក្រៅពីការប្រកួតកីឡានេះ នឹងមានការរៀបចំជាស្ដង់តាំង ពិពណ៌លក់ផលិតខ្មែរ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ផលិតផលក្នុងស្រុកផងដែរ ដូច្នេះ វេទិកានេះគឺជាកន្លែងណាត់ជួប រវាងអ្នកលក់ និងអ្នកទិញ ដែលនឹងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់មហាជនទូទៅ ឲ្យបន្តគាំទ្រដល់អតីតយុទ្ធជនរបស់យើង ដែលជាវរកងទ័ព បានពាលីជីវិត និងលះបង់ឈាមស្រស់ សាច់ស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារទឹកដី និងសុខសន្តិភាព ដូច្នេះសូមចូលរួមជួយគាំទ្រនិងលើក កម្ពស់សកម្មភាពមូលនិធិសមាគមអតីតយុទ្ធជនកម្ពុជា របស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើមរៀបចំឡើងនៅឆ្នាំ១៩៩៦ នៅសាលាត្មាតពង ហើយបន្តជា រៀងរាល់ឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ចំណាំ! បើពលរដ្ឋយើង ចង់ចូលរួមប្រកួត ប្ញឧបត្ថម្ភដល់មូលនិធិនេះ  អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៥៨៥ ៧៨៧ , ០១២ ៥៥៥ ៨៤៧, ០១១ ៩៦៩ ៥៦៥, ០៨៥ ៦៤៧ ០៨៩៕