(ភ្នំពេញ)៖ រឿងភាពយន្តខ្មែរ «កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្ម Galaxy បានដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា បានរយៈពេល៤ថ្ងៃហើយ បន្ទាប់ពីបានប្រកាសដាក់បញ្ចាំងជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦នេះ។

គិតត្រឹមរយៈពេល៤ថ្ងៃ រឿងភាពយន្តខ្មែរ «កំពូលល្ងង់នៅអាស៊ី» រកចំណូលបានរហូតដល់​៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាម អ្នកគ្រប់គ្រងរោងកុននៅភ្នំពេញ និងសៀមរាបបានឲ្យដឹង។

«កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្ម Galaxy ជារបស់អតីតអ្នកធ្វើពលករ នៅក្នុងប្រទេសកូរ៉េ លោកឡេង ណាវ៉ាត់ត្រា ទទួលបាន៨ម៉ឺនដុល្លារ ដោយមិននឹកស្មានដល់។

ពាក់ព័ន្ធនឹងការរកចំណូលបាន៨ម៉ឺនដុល្លារ នេះ លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានទទួលស្គាល់ថា ការអះអាងរឿងខ្សែរឿងរបស់លោក កើបលុយបាន៨ម៉ឺនដុល្លារត្រឹមរយៈពេល៤ថ្ងៃ គឺជាការពិត។
លោកថានេះជាលទ្ធផលដែលលោកក៍មិនចង់ជឿ ត្រចៀក ក្នុងពេលដែលរឿង «កំពូលល្ងង់នៅអាស៊ី» លោកថា គ្រាន់តែបាន ផលិតឡើងស្ទាបស្ទង់ទីផ្សារភាពយន្ត។ ធៀបនឹងរឿងដំបូងៗដូចគ្នារបស់ផលិតកម្មថ្មីៗ លោកខ្សែរឿងរបស់ខ្លួនបើទោះជាការ ទទួលបានទឹកប្រាក់៨ម៉ឺនក្នុងរយៈពេល៤ថ្ងៃ លោកថានៅចែកគ្នាទៀតគឺមិនទាន់រួចដើម។

លោកនិយាយថា «មុនបញ្ចំងខ្ញុំអត់ដែលនឹកថារឿងហ្នឹង ៤ថ្ងៃរកបានប៉ុណ្ណឹង សូម្បីតែខាងរោងកុនក៏ភ្ញាក់ផ្អើលដែរចឹងហើយទើបខ្ញុំ អរផង រន្ធត់ចិត្តផងនៅពេលរឿងហ្នឹងបាន៨ម៉ឺនត្រឹម៤ថ្ងៃ»

លោកថា ខ្សែរឿងរបស់លោកមានអ្នកទស្សនាកកកុញនៅផ្សារអ៊ីអន ផ្សារទំនើបទួលគោក និងនៅរោងកុនក្នុងផ្សារទំនើប ស្ទឹងមានជ័យ។

ប៉ុន្តែសម្រាប់រោងទំនើបនៅខេត្តសៀមរាបលោកថាមិនមានអ្នកទស្សនាពេញៗរោងនោះទេ ក្នុងពេលដាក់បញ្ចំងម្ដងៗ។ លោកថាខ្លួន ចង់ស្រក់ទឹកភ្នែក នៅពេលមើលឃើញអ្នកទស្សនាដណ្ដើមគ្នា ទិញសំបុត្រមើលរឿង «កំពូលល្ងង់នៅអាស៊ី» និងទទួលដំណឹងថាមួយស្នាដៃរបស់លោកស្រូបបានមួយថ្ងៃ២ម៉ឺន។ រឿងមួយនេះ លោកចំណាយអស់ជាង៦ម៉ឺនដុល្លារ តែលោកហាក់មានពន្លឺថាមិនខាតនោះទេ បន្ទាប់ពីការដាក់បញ្ចំង៤ថ្ងៃគឺលោកទទួលបានចំណែករបស់លោកក្រោយចែកជាមួយ រោងបាន៤ម៉ឺនដុល្លារហើយ។

លោកប្រកាសអរគុណ និងលើកម្រាមដៃដប់តបស្នងដល់អ្នកគាំទ្រដ៏ច្រើនលើសលប់ដែលទិញសំបុត្រទស្សនារឿងរបស់លោក។ បន្ថែមពីលើនោះលោកក៏ទទូចអោយយុវវ័យដែលចូលចិត្តភាពយន្តតាមរោងកុនហើយមិនបានទស្សនាខ្សែរឿងរបស់លោកនៅ ឡើយ ជួយគាំទ្រដល់ស្នាដៃរបស់លោកផង ដើម្បីអោយលោកនឹងមានកម្លំាងចិត្តធ្វើអោយកាន់តែល្អ។

លោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាអតីតអ្នកបម្រើការតាមរោងចក្រ នៅក្នុងប្រទេសកូរ៉េ បានអះអាងថាលោកនឹង បន្តយករឿង «កំពូលល្ងង់នៅអាស៊ី» ទៅបញ្ចាំងតាមខេត្តដូចជាបាត់ដំបង និងកំពង់ចាមបន្ថែមទៀត៕