(ភ្នំពេញ)៖ លោក គីម ថាណា តារាចម្រៀងពន្លកថ្មី ក្នុងផលិតកម្ម BN បានប្រាប់អ្នកសារព័ត៌មាន នៅរាត្រីថ្ងៃទី១៨ ខែធ្នូថា លោក នឹងប្តេជ្ញាធ្វើឲ្យបទ Original Song របស់ខ្លួនកាន់តែកក្រើកខ្លាំងជាងមុន នៅឆ្នាំ២០១៧​ខាងមុខនេះ។

លោក គីម ថាណា បានបន្ថែមឲ្យដឹងនៅក្នុងពិធី ខួបកំណើតគម្រប់២៦ឆ្នាំ នៅយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦​ម្សិលមិញថា ទោះបីជាលោក ទើបប្រឡូកចូលក្នុងវិស័យសិល្បៈ ទើបបានរយៈពេល១ឆ្នាំក៏ដោយ ប៉ុន្តែក៏មានអ្នកគាំទ្រលើរូបលោកផងដែរ ដោយសារតែ បទចម្រៀងដែលលោក បានច្រៀងនៅក្នុងផលិតកម្មនេះ គឺជាបទ Original Song បង្កើតឡើងដោយការតែងនិពន្ធ ដោយផលិតកម្ម និងមិនបានចម្លងពីអ្នកដទៃឡើយ។

លោក គីម ថាណា បានចុះកុងត្រាជាតារាចម្រៀងប្រចាំនៅផលិតកម្ម BN រយៈពេល៣ឆ្នាំ ប៉ុន្តែគិតមកដល់ពេលនេះ តារាចម្រៀង វ័យ២៦ឆ្នាំរូបនេះ ទើបបានក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្មនេះ រយៈពេល១ឆ្នាំប៉ុណ្ណោះ។ តារាចម្រៀងទើបលេចពន្លកថ្មីនេះ បានបន្ថែមថា នៅឆ្នាំ២០១៧ លោក គីម ថាណា គ្រោងនឹងចេញបទចម្រៀង Original Song ចំនួន៣បទបន្ថែមទៀត។ ក្រៅពីការបញ្ជាក់ពីសកម្មភាពការងារមួយចំនួន​ហើយនោះ លោក គីម ថាណាក៏បានបញ្ចេញអារម្មណ៍ នៅថ្ងៃខួបកំណើតរបស់ខ្លួន ពាក់ព័ន្ធ និងមិត្តសិល្បៈផងដែរ។

លោកបានប្រាប់ឲ្យដឹងថា «ខ្ញុំនៅសប្បាយចិត្ត មានមិត្តភក្តិ និងមិត្តសិល្បៈមួយចំនួន បានមកចូលរួមនៅក្នុង ពិធីខួបកំណើត របស់ខ្ញុំនៅយប់នេះ តែខ្ញុំក៏មានការអាក់អន់ចិត្តខ្លះដែរ ដែលមិត្តសិល្បៈមួយចំនួន មិនបានមកចូលរួមគ្រប់គ្នា តែប្រហែលដោយ សារតែ ពួកគាត់មានការជាប់រវល់ហើយ។ ប៉ុន្តែយ៉ាងណា កម្មវិធីខួបកំណើតនៅយប់នេះ បានដំណើរការទៅ បានយ៉ាងល្អ អរគុណ អ្នកទាំងអស់គ្នា ដែលចំណាយពេលចូលរួម»

យ៉ាងណាក៏ដោយ លោករំពឹងថា បទចម្រៀង Original Song ចំនួន៣បទ របស់ផលិតកម្ម BN ដែលគ្រោងនឹងចេញ នៅក្នុង ឆ្នាំ២០១៧នេះ នឹងទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ឋខ្មែរជាពិសេស គឺយុវវ័យផ្ទាល់តែម្តង ហើយ លោក គីម ថាណា ថា ក្រោយពីពិធីខួបកំនណើតរបស់លោក នៅថ្ងៃនេះ​បានញ្ចប់ ក៏សង្ឃឹមថា នឹងមានអ្នកគាំទ្ររូបលោកច្រើនជាងមុន​ដែរ៕