(ភ្នំពេញ)៖ មន្រ្តីរដ្ឋសភាមួយរូបបានរៀបរាប់ខ្សឹប​ ប្រាប់ពីដំណាលរឿងក្រៅឆាក នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១០ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ខណៈថ្ងៃដែលបានអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឲ្យទៅបំភ្លឺករណីបរិមាណខ្សាច់ នាំចេញទៅប្រទេសសិង្ហបុរី ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៥។

រឿងក្រៅឆាកគួរឲ្យអស់សំណើចនោះ គឺគណបក្សប្រឆាំងបានកេណ្ឌគ្នា ពីគ្រប់គណៈកម្មការទាំងអស់ក្នុងរដ្ឋសភា ដែលគេចាត់ទុកថា ជាជើងអេលីតក្នុងគណបក្សប្រឆាំង មកដុត និងកូរវល់ៗៗ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល (តាមសំដីលោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០)។ គ្រាន់តែប្រធានគណៈកម្មការទី១០ បើកកម្មវិធីចប់ភ្លាម អនុប្រធានលើកឡើងថា អ្នកមកពីក្រៅគណៈកម្មការទី១០ គឺខុសច្បាប់ហើយ ដោយយោងតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ ការងារនេះគណៈកម្មការទី១០ ជាអ្នកអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមកបំភ្លឺ អ្នកផ្សេងគ្មានសិទ្ធិចូលសួរទេ។

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយរូប ដែលស្ថិតនៅក្នុងកិច្ចប្រជុំនោះបានឆ្លើយតបវិញភ្លែតថា មិនខុសទេ ព្រោះធ្លាប់បានធ្វើយូរហើយតាំងពីសភាកើតឡើង ដំបូងម៉្លេះ ហើយថ្មីៗនេះគណៈកម្មការផ្សេងៗទៀត ក៏ធ្លាប់អញ្ជើញសមាជិកមកពីគណៈកម្មការផ្សេងចូលរួមការប្រជុំដែរ។ លោកអនុប្រធានគណៈកម្មការទី១០ ប្រាប់វិញថា លោកគ្មានសិទ្ធិវាចាដូចនេះទេ ព្រោះលោកទើបចូលសភាពីរបីអាណត្តិចុងក្រោយនេះទេ មិនមែនតាំងពីសភាកើតទេ ហើយសូមកុំច្រឡំទើបតែអាណត្តិ នេះទេ ដែលមានការអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអាណត្តិមុនៗគ្មានទេ។ ការអញ្ជើញសមាជិកមកពីគណៈកម្មការផ្សេងចូលរួមការប្រជុំ គឺមានការអនុញ្ញាតតាមបទបញ្ជាផ្ទៃ ក្នុងមែន តែសម្រាប់តែការពិភាក្សាឆ្លងច្បាប់ប៉ុណ្ណោះ សូមមើលច្បាប់ឡើងវិញ។ ថាអីថាទៅមន្ត្រីបក្សប្រឆាំងអង្គុយសួររហូតចប់។ តែឡូយដែរលោក ស៊ុយ សែម បានថ្លែងអរគុណតែចំពោះមន្ត្រីបក្សប្រឆាំងដែលនៅក្នុងគណៈកម្មការទី១០ប៉ុណ្ណោះ ដែលសួរសំណួរចំប្រធានបទហើយ មានសុជីវធ៌មត្រឹមត្រូវ។

ចុងក្រោយមុនពេលប្រធានបិទអង្គប្រជុំ មន្ត្រីបក្សប្រឆាំងក្រៅគណៈកម្មការទី១០ បាននាំគ្នាដើរចេញមុនហើយចោលសំដីប្រាប់ប្រធានអង្គប្រជុំថា ថ្ងៃក្រោយប្រធាន និងអនុប្រធាននិយាយគ្នាឲ្យត្រូវមុនសិនទៅ មុននឹងហៅពួកគេមក Sic។ ចំជាល្អមុខប្រធានមែន។

រឿងចម្លែកទីពីរ គឺប្រធានអង្គប្រជុំបានសរុបឯកភាព ទទួលយកការបំភ្លឺរបស់រដ្ឋមន្ត្រីរ៉ែ និងថាមពល ហើយក្នុងការឆ្លើយសំណួរអ្នកកាសែតគ្រាន់តែបន្ថែមថា សូមឲ្យក្រសួងរ៉ែហ្នឹងទាក់ទងជាមួយខាងសិង្ហបូរីរកវិធីតាមបច្ចេកទេស ធ្វើយ៉ាងណាកុំឲ្យការកត់ត្រាមានភាពខុសគ្នាខ្លាំងពេក។ ស្រាប់តែក្រោយមកមន្រ្តីគណបក្សប្រឆាំង រួមនិងប្រព័ន្ធព័ត៌មាន មាននិន្នាការប្រឆាំងបែរជាប្រកាសថា ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមិនអាចយកជាការបានទៅវិញ។ អ្នកខ្សឹបប្រាប់ចង់សួរ លោកប្រធានគណៈកម្មការទី១០ថា លោកយល់យ៉ាងណាដែរចំពោះករណីនេះ ព្រោះកិច្ចប្រជុំនេះលោកជាអ្នកដឹកនាំ ហើយថែមទាំងបានសរុប កិច្ចប្រជុំជូនអង្គប្រជុំទៀត៕