(យេមែន)៖ ក្រុមមន្ត្រីយេម៉ែន​បានឱ្យដឹងថា ចំនួនកងទ័ពរដ្ឋាភិបាលដែលបានស្លាប់​ នៅក្នុងហេតុការណ៍​វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត​ នៅភាគខាងត្បូងទីក្រុង អាឌែន នៅថ្ងៃអាទិត្យ ម្សិលមិញ​បានកើន​ឡើងដល់ ៤៨នាក់ ខណៈ៨៤នាក់ផ្សេងទៀតបានរងរបួស ហើយដែលការ​វាយប្រហារនេះបានកើតឡើង​ តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុម ISIS បានផ្ដាច់យកអាយុ​ជីវិតកងទ័ពយេម៉ែន ៥០នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែល​បានឱ្យដឹងទៀតថា ការវាយប្រហារខាងលើបានកើតឡើង​ នៅអំឡុងពេល​កងទ័ពជាច្រើននាក់ កំពុង​តម្រង់ជួររង់ចាំបើកប្រាក់ខែ ​នៅក្បែរមូលដ្ឋានយោធា​មួយកន្លែង​នៅក្នុងស្រុក Khor Maksar ហើយជា​ថ្មីម្ដងទៀត​ក្រុម ISIS ក៏បានចេញមុខអះអាងទទួល​ខុសត្រូវផងដែរ ​​ចំពោះការវាយប្រហារ​ដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា​គិតចាប់តាំងពីសង្រ្គាមនៅក្នុងប្រទេសយេម៉ែនផ្ទុះឡើង នៅខែមីនា ឆ្នាំ២០១៥មក មនុស្ស​ច្រើនជាង៧,០០០នាក់ហើយបានបាត់បង់ជីវិត ក្នុងនោះពាក់កណ្ដាលគឺជា​ជនស៊ីវិល រីឯប្រជាជនយេម៉ែន​រាប់សែននាក់​ជាពិសេស​កុមារបាន​និងកំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ នឹងវិបត្តិមនុស្សជាតិ​ដ៏អាក្រក់បំផុត៕