(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជន សុទ្ធសឹងជាអ្នកកំពុងកាន់កាប់តំណែងតាមក្រសួង ស្ថាប័ន មន្ទីរនានា និងបម្រើការងារជាមន្រ្តីរាជការថា ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន ដែលជាម្ចាស់ឆ្នោត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ ដែលបានរៀបចំធ្វើឡើង នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ សារក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន» ត្រូវបានលោក ខៀវ កាញារីទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះលើទំព័រ Facebook របស់លោក បន្ទាប់ពីបញ្ចប់សន្និបាតនៅល្ងាចថ្ងៃទី១៨ ខែធ្នូ។

បើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សន្និបាតរយៈពេលពីរថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានពិភាក្សានិងពិនិត្យយ៉ាងច្រើន ទៅលើលទ្ធផលការងាររបស់ក្រុមការងារបានសម្រេចនាពេលកន្លងមក និងបានរៀបចំដាក់ទិសដៅថ្មីបង្កើនប្រសិទ្ធភាពការងារដើម្បីស្វែងរកសមិទ្ធផលថ្មីៗ ជូនប្រទេសជាតិ និងប្រជាជន។

បើតាមលោក សុខ ឥសាន្ត ក្នុងសន្និបាតនេះសម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ត្រូវដាក់ទិសដៅបាញ់ឆ្ពោះទៅកាន់មូលដ្ឋាន ដោយប្រឹងប្រែងដោះស្រាយបញ្ហា និងអភិវឌ្ឍន៍នៅមូលដ្ឋាន ធ្វើយ៉ាងណាជំរុញជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរ៕