(ពោធិ៍សាត់)៖ ក្រុមការងារមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់​ លេខាធិកាដ្ឋានគណៈកម្មការ​លុបបំបាត់សេវាឯកជនខុសច្បាប់​ និងក្រុមប្រឹក្សាគណគ្រូពេទ្យខេត្ត នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ទៅលើបុគ្គលឈ្មោះ ត្រាន់ គឹមភាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកំពុងរការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលខ្វះបទពិសោធន៍ និងជំនាញក្នុងការព្យាបាលពិតប្រាកដ បណ្តាលឲ្យស្លាប់ជីវិតមនុស្ស ខណៈដែលបានហៅមកធ្វើកិច្ចសន្យាបញ្ឈប់ជា២ទៅ៣ដង រួចមកហើយ ពាក់ព័ន្ធនឹងសេវាឯកជនខុសច្បាប់ តែជនល្មើសរូបនោះនៅតែមិនបញ្ឈប់។

ការដាក់ពាក្យបណ្តឹងទៅតុលាការ ធ្វើឡើងបន្ទាប់ពីពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការព្យាបាល ខាងលើនេះ បានចាក់ថ្នាំ និងព្យួសេរ៉ូមស្ត្រីម្នាក់ ត្រៀមចូលរៀងការ១សប្តាហ៍ទៀតឈ្មោះ ឡៃ ពុទ្ធី អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវ ខណៈមានអាក្ការចុកពោះកាន់តែខ្លាំងឡើង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពពីមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា មុននឹងឈានដល់ការស្លាប់បាត់បង់ជីវិតស្ត្រីខាងលើនេះ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាឯកជនខុសច្បាប់ បានហៅជនរូបនោះមកធ្វើកិច្ចសន្យាបញ្ឈប់ជា ២ទៅ៣ដងរួចមកហើយ ពាក់ព័ន្ធនឹងសេវាឯកជនខុសច្បាប់ តែជនល្មើសរូបនោះនៅតែមិនបញ្ឈប់។

ជាមួយគ្នានោះ ក្រុមគណៈកម្មការបានចុះធ្វើកោសល្យវិច្ច័យទៅលើសាកសព ដោយបានសហការជាមួយកម្លាំងនគរបាល ព្រមទាំងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីអនុវត្តន៍ច្បាប់ ទៅលើជនល្មើសរូបនោះជាដាច់ខាត។

មន្ដ្រីសុខាភិបាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមនាំគ្នាទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីទទួលបានសុវត្ថិភាព ពីព្រោះនៅមុន្ទីរពេទ្យមានសម្ភារគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ កុំប្រថុយប្រថានជាមួយពេទ្យខ្វះបទពិសោធន៍ និងជំនាញពិតប្រាកដ បណ្តាលឲ្យស្លាប់ជីវិតមនុស្សដូច្នេះ ព្រោះថាជីវិតមនុស្សមិនមានដាក់លក់នៅតាមទីផ្សានោះទេ៕