(កណ្តាល)៖ ក្រុមអាជីវករលក់បន្លែ ផ្លែឈើ តាមកញ្ច្រែង ល្អី ស្ថិតនៅផ្សារស្អាង ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានចេញសារាចរណែនាំ មិនឲ្យយកភាស៊ីពីពួកគាត់ ដែលគោលនយោបាយនេះ ជាការជួយកាត់បន្ថយនូវភាពក្រីក្រ និងបង្កើនជីវភាពរបស់ពួកគាត់បានមួយកម្រិតផងដែរ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ មានព័ត៌មានលេចឮថា ប្រធានផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ប្រើឲ្យកូនចៅរបស់ខ្លួនដើរទារលុយពីអាជីវករលក់ដូរបន្ដិចបន្ទួច ប៉ុន្ដែការពិត ត្រូវបានប្រធានផ្សារ ក៏ដូចជាក្រុមអាជីវករអះអាងថា មិនមានការដើរយកលុយពីពលរដ្ឋដែលលក់ដូរបន្ដិចបន្ទួចនោះទេ ពោលគឺយកតែតាមស្ដង់ធំៗតែប៉ុណ្ណោះ ហើយយកនេះក្នុងតម្លៃតែ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ តាមគោលការណ៍ចាស់ដដែល។

ជាក់ស្ដែង ប្រជាពលរដ្ឋនៅស្រុកស្អាងដាំបានបន្លែ ផ្លែឈើ រួចបេះយកមកលក់ដោយខ្លួនឯង នៅលើទីផ្សារស្អាង ម្តងម្កាលបាននិយាយថា ពេលគាត់មានបន្លែផ្លែឈើ បន្តិចបន្តួចយកមកលក់នោះ គាត់មិនដែលឃើញគេមកទារសុំថ្លៃភាស៊ីនោះទេ ចំណែកអ្នក​លក់រាល់ថ្ងៃ គេយកភាស៊ី៥០០រៀលក្នុង១ថ្ងៃ។

​លោកអ៊ុ ទូច ជាប្រជាពលរដ្ឋរស់នៅភូមិព្រែករុនលើ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល លើកឡើងថា គាត់ប្រកបរបរដាំដំណំពុទ្រា ពេលបាន ផលគាត់តែងយកមកលក់នៅលើទីផ្សារស្រុកស្អាង ជាប្រចាំដោយគាត់អត់ដែលបានដឹងថា បង់ភាស៊ី ឬថ្លៃអ្វីនោះឡើយ ព្រោះនៅពេលគាត់មកលក់ម្តងៗ គាត់អត់ដែលឃើញគេមកយកថ្លៃភាស៊ី នោះដែរ​។

ចំណែក​អ៊ុម្នាក់ ដែលជាអាជីវករលក់បន្លែ និងជាអ្នកដើរម៉ៅបន្លែ តាមចំការមកលក់នៅក្នុងផ្សារស្អាង បាននិយាយថា គាត់ដើរម៉ៅបន្លែផ្លែឈើតាមចំការពីអ្នក ដាំយកមកលក់នៅផ្សារស្អាងជារៀងរាល់ ថ្ងៃដោយមានគ្រែដាក់លក់ត្រឹមត្រូវក្នុង១ថ្ងៃ អាចលក់អស់ពី៥០គីឡូក្រាម ទៅ១០០គីឡូក្រាម ហើយអ្នកប្រមូលភាស៊ី គេមកយកភាស៊ីពីគាត់ក្នុង១ថ្ងៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ​។ ​

ការរិះគន់នេះ ត្រូវបានមហាជនខ្លះគេវាយតម្លៃថា គឺជាការរិះគន់មិនមានតម្លាភាព ពីព្រោះការប្រជុំផ្សព្វផ្សាយពីសារាចរនេះ អាជ្ញាធរថ្នាក់មូលដ្ឋាននៅមិនទាន់បានអនុវត្តនៅឡើយ ហើយម្យ៉ាងទៀតការរិះគន់នោះ ត្រូវបានប៉ះពាល់ដល់អាជីវករផ្សេងទៀត ដែលពួកគាត់មានដី ហើយបង្កើតផ្សារឯកជនមួយជាមុខរបររបស់ពួកគាត់ ដោយពួកគាត់លើកឡើងថា មិនឲ្យគាត់យកភាស៊ីម្តេចនិងកើត បើអ្នកលក់នោះ លក់រាល់ថ្ងៃខែឆ្នាំ ជាមុខរបរទៅហើយនោះ​។

ពាក់ព័ន្ធនិងការរិះគន់នេះ លោក ប៉ោង សេង អ្នកទទួលម៉ៅភាស៊ីផ្សារស្អាង បានឲ្យដឹងថា ចំពោះការប្រមូលភាស៊ីនោះ លោកបានណែនាំដល់បុគ្គលិករបស់គាត់ជាប្រចាំ ចំពោះការយកភាស៊ី ពោលគឺ​មិនឲ្យយកពីពលរដ្ឋដែលលក់បន្លែផ្លែឈើបន្តិចបន្តួច មកលក់ម្តងម្កាល ដោយលោកឲ្យប្រមូលតែអ្នកលក់តាមតូបតាមស្តង់តែប៉ុណ្ណោះ​។

លោកបានបន្តថា សកម្មភាពបែបនេះ គឺលោកបានអនុវត្តន៍ជាយូរមកហើយ មិនទើបតែ​អនុវត្តន៍ក្រោយពេលសាចារចរណែនាំនោះទេ ហើយលោកប្តេជ្ញាចិត្ត នឹងខិតខំពង្រឹងបន្ថែមទៀត ចំពោះការប្រមូលភាស៊ីនេះ ដើម្បីអនុវត្តនតាមសាចរណែនាំ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព៕