(កំពត)៖ អតីតនិស្សិត ជំនាន់ទី៨ មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងមហាវិទ្យាល័យសេដ្ឋកិច្ច ឆ្នាំសិក្សា១៩៩១-១៩៩៦ បាននាំយកអង្ករចំនួន ១,០០០គីឡូក្រាម ស្លាដក់ចំនួន​១៤​កញ្ចប់ និងបច្ច័យចំនួន​១លានរៀល ទៅវេរប្រគេនព្រះសង្ឃចំនួន​៥​វត្ត (វត្តអង្គដំណាក់ធ្លក វត្តភ្នំព្រះ វត្តភ្នំតាគល់ អម្ពវន្ថយូធារ៉ាម និងវត្តអង្គមន្រ្តីសត្ថារ៉ាម) ព្រមទាំងបានចូលបច្ច័យកសាងវត្តអង្គដំណាក់ធ្លក ចំនួន​៨សែនរៀល ផងដែរ។

ពិធីនេះត្រូវបាន​ធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតក្នុងវត្ត​អង្គដំណាក់ធ្លក ដែលស្ថិតនៅក្នុងឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត​។

លោក ហុង លៀង អតីតនិស្សិតម្នាក់ បានឲ្យដឹងថា ក្នុងឱកាសនោះ ក្រុមអតីតនិស្សិត បាននាំយកថវិកា សំពត់ សម្លៀកបំពាក់ ក្រម៉ា មកចែកជូនលោកតាអាចារ្យ លោកយាយជី ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះផងដែរ​។ បន្ថែមពីនេះ ក្រុមអតីតនិស្សិតជំនាន់​ទី៨​ ក៏បាននាំយក កាបូបស្ពាយ សម្ភារសិក្សា និងថវិកាមកចែកជូនក្មួយៗ សិស្សនៅសាលាបឋមសិក្សាព្រៃឃ្លៃ ​ចំនួន​២១០​នាក់
នៅឃុំស្រែចែង ស្រុកជុំគីរី ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៥ពាន់រៀល កាបូបស្ពាយ ១ និងសម្ភារៈសិក្សាមួយចំនួនផងដែរ ព្រមទាំងជូនថវិកាដល់លោកគ្រូអ្នកគ្រូ មេឃុំ ប្រធានភូមិ និងក្រុមការងារ ដែលជួយសម្របសម្រួលក្នុងកម្មវិធីនេះ​។

ក្រុមអតីតនិស្សិតជំនាន់ទី​៨ បានបញ្ជាក់​ថា ក្រុមរបស់ពួកគាត់​ ធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា ដោយមិនប្រកាន់និន្នាការនយោបាយទេ សកម្មភាពមនុស្សធម៌ថ្ងៃនេះ បានកើតឡើងដោយសារការរួបរួមសាមគ្គីគ្នារវាងមិត្តរួមក្រុម ដែលធ្លាប់សិក្សាជាមួយគ្នា គិតដល់ថ្ងៃនេះ មិត្តភាពរបស់ពួកគាត់មានអាយុកាល២០ឆ្នាំជាងហើយ​។

តំណាងក្រុមនិស្សិតជំនាន់ ៨ បានផ្តាំផ្ញើសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងប្រទេសជាតិ និងជៀសអោយឆ្ងាយពីគ្រឿងញៀន ជាពិសេសក្រុមអតីតនិស្សិតបានផ្តាំផ្ញើក្មួយៗឲ្យចេះស្រលាញ់រាប់អានគ្នា ជួយគ្នា និងថែរក្សាមិត្តភាពឲ្យបានយូរអង្វែង ដើម្បីរួមគ្នាមកជួយសង្គមជាតិ ឲ្យដូចជាក្រុមរបស់ពួកគាត់ថ្ងៃនេះ៕