(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានចំណាយថវិកាប្រមាណ ៥៥,៣៩៩លានរៀល (ប្រហែល​១៤លានដុល្លារ) សម្រាប់ជួយដល់កម្មករ ជួបគ្រោះថ្នាក់ផ្សេងៗ នៅក្នុងពេលបំពេញការងារ នៅទូទាំងប្រទេស រយៈពេល៨ឆ្នាំមកនេះ។

ថវិកាទាំងនោះត្រូវបានផ្តល់ដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់ក្រសួងការងារ សម្រាប់ក្រុមគ្រួសារកម្មករក៏ដូចជាជនរងគ្រោះ ចាប់តាំងពីឆ្នាំ២០០៨ ដែលជាពេលចាប់ផ្តើមបង្កើត ប.ស.ស រហូតដល់១១ខែ ឆ្នាំ២០១៦។ នេះបើតាមការអះអាងរបស់ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យប.ស.ស។

លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់ឲ្យដឹងថា «រយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចុះបញ្ជី រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ចំនួន ៨,៦៧២ ដែលមានបុគ្គលិក កម្មករ និយោជិត ចំនួន១,១៣២,៣៣០នាក់ បុគ្គលិក និយោជិត កម្មករ-កម្មការិនី ទទួលរងគ្រោះថ្នាក់ការងារ ចំនួន​ ១៣៥,៩១៤នាក់។ ប.ស.ស បានផ្តល់ថវិកា ថ្លៃព្យាបាល និងឧបត្ថម្ភដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះចំនួន​៥៥,៣៩៩លានរៀល ប្រហែល​១៤លានដុល្លារផងដែរ»

តាមរបាយការណ៍បានបង្ហាញថា ក្នុងចំណោមកមដែលជួបគ្រោះថ្នាក់ការងារទាំងនោះ មានកម្មករ-កម្មការិនី គ្រោះថ្នាក់ពេលធ្វើដំណើរ ៣៦,៧២២នាក់ គ្រោះថ្នាក់នៅកន្លែងធ្វើការ ៩៩,១៥៣នាក់ និងជំងឺវិជ្ជាជីវៈ៣៩នាក់ ដែលបានទទួលអត្ថប្រយោជន៍ពី ប.ស.ស ដូចខាងក្រោម៖
ករណីគ្រោះថ្នាក់ ស្រាល ធ្ងន់៖- ផ្តល់ថ្លៃសង្គ្រោះបន្ទាន់ - ផ្តល់ថ្លៃដឹកជញ្ជូនជនរងគ្រោះពីកន្លែងកើតហេតុទៅមន្ទីរពេទ្យ - ផ្តល់ថ្លៃព្យាបាល - ផ្តល់ប្រាក់បំណាច់ - ផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកចាំថែទាំជនរងគ្រោះ- ផ្តល់តាវកាលិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន និងអចិន្រ្តៃយ៍ - ផ្តល់ឧបករណ៍សិប្បនិម្មិត(ឧបករណ៍រណប) ដៃ ជើង សិប្បនិម្មិត ឈើច្រត់​ រទេះរុញ - ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ(ស្តារយុវនីតិសម្បទា)។

សម្រាប់ករណីគ្រោះថ្នាក់រហូតបាត់បង់ជីវិតវិញ រួមមាន- ផ្តល់ថ្លៃដឹកជញ្ជូនសពពីកន្លែងកើតហេតុ ឬមន្ទីរពេទ្យទៅលំនៅដ្ឋាន - ផ្តល់ថវិកា សម្រាប់ធ្វើបុណ្យសព ៤,០០០,០០០រៀល - ផ្តល់ថវិកា ឧបត្ថម្ភអ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ ដូចជា ប្តី ឬប្រពន្ធ កូន និងជនចាស់ជរា។

នេះគឺជាសេវាធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត ក្នុងប្រទេសកម្ពុជា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ នៅឆ្នាំ២០១៧ខាងមុខ រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវសេវាសោធននិវត្តន៍ សម្រាប់វិស័យឯកជន ផងដែរ៕