(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មូលនិធិខ្មែរសម្រាប់ការសិក្សាបានរៀបចំកម្មវិធីផ្ដល់អាហារូបករណ៍ ដល់និស្សិតតាមគ្រឹះស្ថាន​សិក្សា ទាំងសិស្សចាស់ និងសិស្សថ្មីសរុបចំនួន១២៥នាក់ ដោយក្នុងនោះសិស្សចាស់មានចំនួន ៧២ និងសិស្សថ្មីចំនួន៥៣នាក់ ហើយការ​រៀបចំ​ផ្ដល់អាហារូបករណ៍នេះ​ ធ្វើឡើងនាសាលប្រជុំសហសិក្សា ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

មូលនិធិខ្មែសម្រាប់ការអប់រំនេះ ត្រូវបង្កើតឡើងដើម្បីជួយកូនខ្មែរជាច្រើននាក់ ដែលមានជីវភាពខ្វះខាត់ ឲ្យមានលទ្ធភាពក្នុងការបន្ដការសិ​ក្សា​រហូតទទួលបានការងារ ហើយមូលនិធិខ្មែសម្រាប់ការសិក្សាគឺជាមូលនិធិមួយដែលមិនទាមទារការតបស្នងជាវត្ថុ លុយកាក់ ឬជាប្រយោជន៍​ពីនិស្សិតដែលទទួលអាហារូបករណ៍ឡើយ។

ក្នុងនោះផងដែរសិស្សសានុសិស្សទាំងអស់បានសម្ដែងការថ្លែងអំណរគុណដល់មូលនិធិខ្មែរ សម្រាប់កាសិក្សា សន្យានិងប្ដេជ្ញាថានឹង៖
- ខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ អ្នកគ្រូ និងព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រើសើរ ដើម្បី​ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
-ប្រើប្រាស់ថវិកាដែលទទួលបាននាឱកាសនេះ ឲ្យបានចំទិសដៅត្រឹមត្រូវតាមគោលបំណងរបស់មូលនិធិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍​ខ្លួនឯង គ្រួសារ និងប្រទេសជាតិឲ្យមានការរីកចំរើន។

-ក្រោយពីបញ្ចប់ការសិក្សា យើងខ្ញុំនៅតែបន្ដសកម្មភាពចូលរួមក្នុងមូលនិធិ តាមរយៈការស្ម័គ្រចិត្តបន្ដចូលរួមសកម្មភាពជាមូលនិធិ និងឧបត្ថម្ភថវិកា ជួយដល់ប្អូនជំនាន់ក្រោយទៀតឲ្យមានលទ្ធិភាពដូចយើងខ្ញុំដែរ។

-ចូលរួមឲ្យទៀងទាត់ក្នុងសកម្មភាពសសេរ EBOOK ដែលជាគម្រោងប្រមូលផ្ដុំនូវឯកសារគោលសំខាន់ៗ និងចំណេះដឹងទូទៅជាសកល។

សូមបញ្ជាក់ថា រាល់សមិទ្ធផលទាំងឡាយណា ដែលមូលនិធិដែលធ្វើក្នុងរយៈកាលកន្លងមកនេះ គឺជាកម្លាំចិត្តដ៏ធំមហិមាដែលបានផ្ដល់ឲ្យកូនខ្មែរ​ ដែលជួបការលំបាកអាចបន្ដនូវឆន្ទៈ និងក្ដីស្រមៃរបស់ខ្លួនបាននាថ្ងៃអានាគត៕