(កំពត)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារទៀត ហើយទទួលបានអណ្តូងទឹកស្អាតពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ជាក់ស្តែង​​នៅថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី ប្រធានមូលនិធិបានដឹកនាំក្រុមការងារអណ្តូងទឹកស្អាតចុះមកប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូន​ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំខ្នាយខាងជើង​ និងឃុំខ្នាយខាងត្បូង ស្រុកដងទុង ខេត្តកំពត។

លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា សព្វថ្ងៃនេះមូលនិធិអណ្តូងទឹកស្អាតបានធ្វើ​ និងប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋបានជាង៥០០អណ្តូងហើយ​ ក្នុងនោះមានទាំងអណ្តូង ដៃ អណ្តូងលូ និងអណ្តូងស្នប់ ហើយជិត៤០០អណ្តូង បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ អំណោយអណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយរបស់ លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែលោកទាំងពីរបានទទួលអនិច្ចកម្មទៅហើយ។

លោកស្រី បានបញ្ជាក់​ទៀតថា កាលដែលលោកទាំងពីរមាននៅមានជីវិត លោកតែងតែធ្វើបុណ្យដាក់ទានសន្សំកុសលជាច្រើនដូចជា កសាងសាលារៀន វិហារ ផ្លូវថ្នល់ របង នឹងទ្រព្យសម្បត្តិសាធារណះមួយចំនួនទៀត ជាពិសេសនោះ គឺជួយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទខ្វះខាតទឹកស្អាតប្រើប្រាស់នេះតែម្តង ដូច្នេះបន្ទាប់ពីលោកលាចាកលោកទៅ ទើបកូនចៅសម្រេចយកថវិកាដែលនៅសេសល់ទាំងប៉ុន្មាន មកធ្វើជាមូលនិធិអណ្តូងទឹកស្អាតដាក់ជូនដល់ប្រជាពលរដ្ឋ​ រស់នៅតាមទីជនបទដាច់ស្រយាលប្រើប្រាស់វិញ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តួងទឹកស្អាតទាំងអស់ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូដល់ពួកគាត់ ដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាល ជាពិសេសផ្តល់អណ្តូងទឹកស្អាតនេះ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

សូមជម្រាបថា ក្រៅពីប្រគល់អណ្តូងទឹកលោកស្រី ប្រធានមូលនិធិ​ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ចុះមកជួយ ពិនិត្យ និងព្យាបាលសុខភាពទូទៅជួនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំសង្គូវព្យាបាលមួយចំនួនទៀត។

សូមបញ្ជាក់ថា មូលនិធិអណ្តូងទឹកស្អាតធ្វើជូនដល់ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹក និងខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងរដូវប្រាំង នេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រីនៅក្នុងសហគមន៍ និងធ្វើអោយជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង៕