(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ និងស្រាល ខណ:ដែលជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Lexus Rx300 ដែលកំពុងបើកបត់ឆ្លងផ្លូវ។

ហេតុការណ៌នេះបានកើតឡើងនាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវ២៧១ កែងផ្លូវ៤៨០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ភ្នំពេញ៕

អ្នកឃើញហេតុការណ៌នៃគ្រោះថ្នាក់ចរាចរណ៌ខាងលើបានប្រាប់ថា មុនកើតហេតុគេបានឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream សេរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ 1FW-5451 តាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែងលេខ៤៨០ ក៏មានរថយន្តLexus Rx 300 ពាក់ស្លាកលេខភ្នំពេញ2P-2159 ដែលបើកដោយបុរសម្នាក់បានលើផ្លូវ២៧១ នោះហើយបានបត់ចូលមកផ្លូវ៤៨០ ស្របពេលនោះម៉ូតូរបស់បុរសទាំង៣ បានមកដល់ដែរ តែដោយសាររថយន្តនិងម៉ូតូបើកល្បឿនលឿនដូចគ្នា មិនអាច់ចាប់ហ្រ្វាំងបានក៏បានបុកគ្នា។

ក្រោយបុកគ្នា បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូហោះផ្លោង ទៅបុកផ្ទុបនិងកញ្ចក់រថយន្តបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ នៅកន្លែង ចំណែកអ្នករួមដំណើរជាមួយ២នាក់ទៀត បានរបួសធ្ងន់និងស្រាលត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់ចំណែករថយន្តវិញបន្ទាប់ពីបុក ហើយម្ចាស់បានបើករត់បានប្រមាណជា១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

បុរសដែលស្លាប់មានឈ្មោះ ម៉ា វិឆៃ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកនអង្គរបុរី ខេត្តតាកែវ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងដែលខូចខាត ត្រូវបានចរាចរណ៍ក្រុងចុះមកវាស់វែងនឹងស្ទួចយកទៅរក្សាទុក នៅស្នងការនគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕