(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ ដែលស្ថិតនៅមុខមជ្ឍមណ្ឌលអភិវឌ្ឍន៍កម្ពុជា (CDC) ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារម៉ូតូទាក់ដៃចង្កូតគ្នា។

នៅមុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Today មួយគ្រឿងពណ៌លឿងតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីមុខព្រះបរមរាជវាំង ឆ្ពោះទៅស្ពានជ្រោយចង្វារ លុះជិះមកដល់មុខ CDC ក៏មាននារីម្នាក់ជិះម៉ូតូ Click ពណ៌ក្រហមមួយគ្រឿងទៀត ហើយក៏បានប៉ះដៃចង្កូតម៉ូតូធ្វើដួលទំាងពីរ ។

គ្រោះថា្នក់នេះបានធ្វើអោយបុរសម្នាក់ បោកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ ចំនែកឯនារីម្នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកន្លែងកើតហេតុសាកសពបុរសម្នាក់ ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯនារីដែលរងរបួស ត្រូវបានយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ។ រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះមកវាស់វែង យកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕