(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រជាជនក្នុងរដ្ឋសាគីន ភាគឦសាននៃប្រទេសឥណ្ឌា បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជា សហការរៀបចំព្រឹត្តិការណ៍​ទេសចរណ៍​សាសនា រួមគ្នាមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ពិសេសពង្រឹងចំណងមិត្តភាពជាមួយគ្នាបន្ថែមទៀត។

ថ្លែងដូចនេះត្រូវបានធ្វើឡើងក្រោយពីបញ្ជប់ជំនួបជាមួយ លោក ខេអ៉ិន រ៉េ សមាជិកសភារបស់រដ្ឋសាគីន ស្ថិតនៅប៉ែកឦសាន នៃប្រទេសឥណ្ឌា នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួង​ទេសចរណ៍។

ក្នុងឱកាសនោះ ភាគីឥណ្ឌាបានលើកឡើង ពីការមើលឃើញភាពរីកចម្រើន លើវិស័យទេសចរណ៍របស់កម្ពុជា ហើយមានបំណងចង់ផ្លាស់ប្ដូវបទពិសោធន៍បន្ថែម ដោយលោក ខេអ៉ិន រ៉េ បានលើកឡើង​នូវសំណើដល់ លោករដ្ឋមន្រ្តី ថោង ខុន អំពីបំណងចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍សាសនាមួយ រួមជាមួយគ្នា ក្នុងពេលណាមួយនៅឆ្នាំក្រោយ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយសំណើនេះផងដែរ ព្រោះព្រឹត្តិការណ៍នេះជាផលិតផលទេសចរណ៍ដ៏ល្អមួយ សម្រាប់កម្ពុជា ដើម្បីបានផ្សព្វផ្សាយឲ្យកាន់តែទូលំ​ទូលាយ​ថែមទៀត ពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរខាងក្រៅ។

ព្រឹត្តិការណ៍ទេសចរណ៍នេះ ក្រសួងទេសចរណ៍កម្ពុជា ក៏ធ្លាប់ធ្វើរួចមកហើយដែរ កាលពីឆ្នាំ២០១១ កន្លងទៅ ក្នុងបរិវេណប្រាសាទបាយ័ន លើទឹកដៅអង្គរសៀមរាប ដោយសារមូលហេតុនេះហើយ ទើបភាគីឥណ្ឌាចង់ផ្លាស់ប្ដូរបទពិសោធន៍ជោគជ័យទាំងនេះ ពីភាគីកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងតំបន់ទេសចរសាសនារបស់ខ្លួន។

ភាគីទាំងពីរក៏បានជម្រាបពីសក្ដានុពលទេសចរណ៍របស់ខ្លួនផងដែរ ដើម្បីយកទៅផ្សព្វផ្សាយជូនប្រជាជន និងបានស្វែងយល់បន្ថែមពីវប្បធម៌ សាសនា និងប្រពៃណីទំនៀមទម្លាប់ពីគ្នាទៅវិញទៅមក៕