(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកឱ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រកូកប្រកាសថា គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់យុទ្ធសាស្រ្តដើម្បីបំបែកគណបក្សប្រឆាំង។ លោក ឥសាន បានលើកឡើងថា បើគណបក្សខ្លាំងនោះខ្លាំង គេនឹងមិនអាចឱ្យគេបំបែកបំបាក់បានទេ។

កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហោះវីដេអូមួយ ដែលផ្តល់បទសម្ភាសជូនវិទ្យុអាស៊ីសេរីថា គណបក្សកាន់អំណាច បានព្យាយាមបំបែកបំបាក់ គណបក្សសង្រ្គោះជាតិ តាមរយៈការបំបែករវាង លោក សម រង្ស៊ី និង លោក កឹម សុខា។ ជាមួយគ្នានេះ លោកថាគណបក្សប្រជាជនកម្ពុជា បានបរាជ័យក្នុងការបំបែកបំបាក់នេះ។

លោក សុខ ឥសាន បានអះអាងថា មិនមែនតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលមិនចង់ឱ្យដៃគូរបស់ខ្លួនខ្លាំង, គណបក្សប្រឆាំងវិញដូចក៏ដូចគ្នា។ លោកថា គណបក្សប្រឆាំងក៏បានព្យាយាមបំបែកគណបក្សកាន់អំណាចដូចគ្នា ក៏ប៉ុន្តែមិនអាចទៅរួច។

សុខ ឥសាន៖ «ក្នុងបរិបទនៃប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សនេះគឺថា គ្រប់បក្សទាំងអស់មិនចង់ឱ្យដៃគូរបស់ខ្លួនខ្លាំងនោះទេ»។ លោកបន្ថែមថា៖ «គឺចង់ឱ្យគណបក្សដៃគូចុះខ្សោយក៏ពិតមែន ប៉ុន្តែកត្តាកំណត់វានៅលើគណបក្សនីមួយៗទេ។ បើខ្លួនយើងខ្លាំង ទោះនរណាបំបែកបំបាក់យ៉ាងម៉េចក៏អត់ទៅរួចដែរ»។

លោកបានបន្ថែមថា «គណបក្សប្រជាជន ទោះបីជានរណាចង់បំបែកបំបាក់យ៉ាងម៉េច ក៏ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរបស់គណបក្សតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមមិនមានការបែកបាក់ទេ»។ ប៉ុន្តែទោះជាយ៉ាងណា សុខ ឥសាន បញ្ជាក់ថា ថ្វីត្បិតតែគណបក្សប្រជាជនមិនចង់ឱ្យដៃគូរបស់ខ្លួនខ្លាំងមែន ប៉ុន្តែគណបក្សប្រជាជនមិនដែលប្រើល្បិចថោកទាបណាមួយ ដែលអ្នកប្រឆាំងតែងនិយាយចោទប្រកាន់ឡើយ៕