(ភ្នំពេញ)៖ ប្រជាពលរដ្ឋសហគមន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ​២០១៦នេះ បានប្រមូលផ្ដុំគ្នា​មកទប់ស្កាត់​ការសាងសង់សំណង់មួយកន្លែង ដែលមានទីតាំងនៅផ្លូវ៥៩៨ កែង​ផ្លូវ១៩៧៤ ក្រោយពីការសូមកិច្ចអន្តរាគមន៍ពី នាយករដ្ឋបាល សាលាខណ្ឌ​សែនសុខមិនមានដំណោះស្រាយ។

​លោកនាយករដ្ឋបាល ថ្លែងថាទូរស័ព្ទថា ​លោកពុំមានសមត្ថភាពក្នុងការទប់រឿងនេះ​ ទេដោយលោកបានបញ្ជាក់ថា​ កម្លាំងរបស់ខណ្ឌ​បានទៅធ្វើ​ទស្សនកិច្ចនៅខេត្តមណ្ឌលគីរីអស់ហើយ​ ចំណែកលោកអភិបាល ក៏ជាប់រវល់ប្រជុំផងដែរ។​

លោកសូមឲ្យប្រជាពលរដ្ឋធ្វើការទំនាក់ទំនងផ្ទាល់ទៅលោកចៅសង្កាត់ភ្នំពេញថ្មីវិញ​ នៅពេលប្រជាពលរដ្ឋធ្វើ​ ការទំនាក់ទំនងទៅលោកចៅសង្កាត់​ លោកចៅសង្កាត់ថា​ គេជាប់ប្រជុំអស់ហើយ​ និងសូមឲ្យប្រជាពលរដ្ឋថតបង្ហោះ​ ទៅដើម្បីឲ្យថ្នាក់ដឹកនាំជ្រាប។​

​យ៉ាងណាមិញ ប្រជាពលរដ្ឋខ្លាចសំណង់នេះ ចេះតែបន្តដំណើរការទៅមុខបន្តទៀត ទើបពួកគាត់សូមសំណូមពរដល់ លោកអភិបាលសែនសុខ​ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់នេះឲ្យខាងតែបានផង​ ព្រោះសំណង់មួយនេះ សាលាខណ្ឌធ្លាប់ចុះមកទប់ស្កាត់ម្ដងរួចមកហើយ​ កាលពីសប្ដាហ៍មុន ហើយចំពោះការសាងសង់លើកនេះ​ ម្ចាស់សំណង់ថា មានការឯកភាពគ្នា​ ពីសាលាខណ្ឌរួចហើយដែរ តែនៅពេល​​ប្រជាពលរដ្ឋសួរកលិខិតអនុញ្ញាតពុំមាននោះទេ។​

ប្រជាពលរដ្ឋបានសំនូមពរ ទៅលោកអភិបាលខណ្ឌ,​ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន,​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មេត្តាជួយពន្លឿនក្នុងចុះបញ្ជីដី​ និងស្ថាបនាផ្លូវ​ ជូនពួកគាត់ឲ្យបានឆាប់រហ័សផងព្រោះ​ លោក ប៉ា សុជាតិវង្ស​ បានចេញលិខិដល់ទៅ៦លិខិត​ ហើយ​ដើម្បីបើកផ្លូវ១៩៧៤នេះ​ តែរហូតមកដល់ពេលនេះ​ មិនទាន់មានដំណើការអ្វីទាំងអស់៕​