(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការ ដើម្បីត្រៀមជ្រើសរើស និងបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ ដែលមានប្រាក់ចំណូលខ្ពស់។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា កម្ពុជាបានទទួលយល់ព្រមជ្រើសរើស និងបញ្ជូនពលកររបស់ខ្លួន ឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រទេសគុយវ៉ែត និងប្រទេសកាតា ដែលនៅទីនោះ ពលករអាចទទួលបានប្រាក់ខែចាប់ពី ១,០០០ដុល្លារ ឡើងទៅ។

លោកបានបញ្ជាក់ថា «យើងគ្រោងបញ្ជូនពលករ ឲ្យទៅបម្រើការងារនៅបណ្ដាប្រទេសអារ៉ាប់ ដែលជាប្រភពចំណូលខ្ពស់ តែទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានគិតគូយកចិត្តទុកដាក់ ទៅលើបញ្ហាគោរពសិទ្ធិពលករផងដែរ»

លោក អូស្មាន ហាស្សាន់ បានស្នើដល់តំណាងក្រុមហ៊ុន ក្នុងឱកាសនោះ ត្រូវលើកឡើងពីបញ្ហា ឬចម្ងល់នានា ឲ្យបានគ្រប់ជ្រុងជ្រោយ និងពិភាក្សាពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ដើម្បីឲ្យលោក លើកយកទៅជម្រាបជូនបន្ត ដល់រដ្ឋមន្រ្តីក្រសួងការងារ លោកបណ្ឌិត អ៉ិត សំហេង សំដៅធ្វើឲ្យដំណើរការជ្រើសរើសពលករ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ពិសេសទៅទៀតនោះ លោកបានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍បញ្ជូនពលករ ទៅធ្វើការនៅក្រៅប្រទេសនោះ គឺដើម្បីឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបានប្រាក់ចំណូលខ្ពស់ ទទួលបានជំនាញពីការងាររបស់ខ្លួន ពេលត្រឡប់មកប្រទេសកំណើតវិញ ចំពេលមានក្រុមហ៊ុននានា មកវិនិយោគនៅស្រុកខ្មែរ ពួកគាត់មានជំនាញស្រាប់ នោះហើយជាឱកាសការងារដ៏ពិសេស សម្រាប់ពួកគាត់។

ក្នុងកិច្ចពិភាក្សានោះ ភាគីតំណាងក្រុមហ៊ុននានា បានលើកឡើងនូវបញ្ហា និងពិភាក្សាគ្នាយ៉ាងផុសផុល ដោយលោក អូស្មាន ហាស្សាន់ ក៏បានដាក់តឿនឲ្យក្រុមហ៊ុនទាំងអស់ ចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាសិទ្ធិសេរីភាពរបស់ពលករ ឲ្យបានដិតដល់ជាទីបំផុត ដែលទាំងនេះ គឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកគាំទ្រយ៉ាងពេញទំហឹង ហើយក៏ស្របទៅនឹងគោលដៅរបស់អង្គការអន្តរជាតិនានា ផងដែរ។

លោក អូស្មាន ហាស្សាន់ បន្តទៀតថា បណ្ដាប្រទេសអារ៉ាប់ទាំងនោះ ត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់ពីកម្ពុជា ដើម្បីទៅបម្រើការងារតាមផ្ទះ លើវិស័យសំណង់ អ្នកបើកបររថយន្តគ្រប់ប្រភេទ អ្នកបម្រើការងារតាមមន្ទីរពេទ្យ សម្រាប់ថែទាំងមនុស្សជាដើម ព្រមទាំងត្រូវការកម្លាំងពលកម្មបម្រើការងារទូទៅផងដែរ។

លោក អូស្មាន ហាស្សាន់ បានបន្ថែមថា ចំពោះរដ្ឋាភិបាលបណ្ដាប្រទេសអារ៉ាប់ទាំងនោះ គេចង់ឲ្យកម្ពុជាបញ្ជូនពលករទៅធ្វើការនៅទីនោះ តាមរយៈរដ្ឋាភិបាលខ្លួនឯងតែមួយគត់ មិនទទួលតាមរយៈមធ្យោបាយផ្សេងនោះទេ ដើម្បីជៀសវាងបញ្ហាកើតមានផ្សេងៗ ព្រោះប្រទេសនេះ មានការគោរពសិទ្ធិមនុស្សខ្លាំងណាស់ដែរ៕