(ភ្នំពេញ)៖ រដ្ឋសភា បានសម្រេចឱ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺនៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរបស់រដ្ឋសភា។

លោក ឡេង ប៉េងឡុង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចអញ្ជើញ លោក ម៉ម ប៊ុនហេង ទៅបំភ្លឺនៅរដ្ឋសភា នាថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺអំពីបញ្ហាមួយចំនួនជូនរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារ នៅក្នុងក្រសួងសុខាភិបាល។

តាមលិខិតបង្ហាញថា បញ្ហាទាំងនោះមានដូចជា ភាពមិនប្រក្រតីក្រោមការទទួលខុសត្រូវរបស់ក្រសួង, ការផ្តល់សេវាមិនត្រឹមត្រូវ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន, វិធានការក្រសួងក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌, ការចែកចាយ និងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ, ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្រ្គោះបន្ទាន់, ផែនការធានាបន្តនិរន្តរភាព នៃមន្ទីរពេទ្យគន្ធបុប្ផា កិច្ចការពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច, វិធានការរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាព ដល់ពលរដ្ឋក្រីក្រឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងការផលិត និងការនាំចូលថ្នាំពេទ្យ និងការគ្រប់គ្រងឱសថថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាពជាដើម៕