(ភ្នំពេញ)៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំកម្មវិធីសម្ពោធចាក់បញ្ចាំង​កម្រងវីដេអូឯកដារខ្លីនៃគម្រោង Project3 ចំនួន៨រឿង របស់និស្សិតឆ្នាំទី៣ និងប្រារព្ធអបអរខួប១៥ ឆ្នាំនៃការបង្កើតដេប៉ាតឺម៉ង់ប្រព័ន្ធ​ផ្សព្វផ្សាយនិងសារគមនាគមន៍ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

ការរៀបចំកម្មវិធីសម្ពោធចាក់បញ្ចាំងកម្រងវីដេអូឯកសារខ្លី នៃគម្រោង (Project3) ចំនួន៨រឿង និងប្រារព្ធអបអរខួប១៥ឆ្នាំ នៃការបង្កើត​ដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន លោកបណ្ឌិត ហង់ ជួនណារ៉ុន​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ខ្សែភាពយន្តឯកសារទាំង៨រឿង របស់គម្រោង Project 3 ដែលត្រូវបានផលិត និងសម្រិតសម្រាំង ដោយក្រុមនិស្សិតថ្នាក់គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំនាន់ទី១៣ របស់ DMC ក្រោមការឧបត្ថម្ភពីសំណាក់ទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់(GIZ) និងសេវាកម្មស៊ីវិលសន្តិភាពអ៊ឺរ៉ុប(ZFD) ផ្តោតទៅលើកម្រង​សាច់រឿងដែលមិនសូវទទួលបាន ការផ្តោតយកចិត្តទុកដាក់ ​រាប់ចាប់តាំងពីជីវិត​រស់នៅរបស់មនុស្ស​មានទេពកោសល្យ​ក្នុងមជ្ឈឹមវ័យ​ ដែលខ្សែ​​ជីវិតត្រូវឆ្លងចូលមក​កាន់បរិបទ​ជីវិតសម័យទំនើប​ ការរស់នៅរបស់អតីត​ទាហានខ្មែរក្រហម​ ហានិភ័យនៃនិរន្តភាព​របស់សម្បត្តិ​វប្បធម៌បេតិកភ័ណ្​ឌ ក្តីសង្ឃឹមថ្មីផ្នែក​អប់រំនិងវិទ្យាសាស្រ្ត​របស់ប្រទេស​កម្ពុជា។​

សូមជម្រាបជូនថា បន្ទាប់ពីទទួលបានជោគជ័យដ៏ប្រសើរក្នុងគម្រោងដដែលក្នុងរដូវកាលទី១ កាលពីឆ្នាំ២០១៥ នេះជាឆ្នាំទី២ហើយ ដែល GIZ និងZFD បានជួយឧបត្ថម្ភគាំទ្រ និងផ្តល់ប្រឹក្សាផ្នែកបច្ចេកទេស ដល់ក្រុមនិសិ្សត DMC ឆ្នាំទីបី ក្នុងការចងក្រងផលិតវីដេអូឯកសារខ្លី Project 3 ឲ្យមានឱកាស និងសក្តានុពលក្នុងការផ្តល់សារ និងរំលេចឡើងនូវបញ្ហាបូករួមនិងដំណោះស្រាយ ក្នុងពេលបរិបទ​សង្គមកម្ពុជា​មានការប្រែប្រួ​ល​ដ៏ឆាប់រហ័សនា​​រយៈពេល១៦ឆ្នាំ​ចុងក្រោយនេះ​ចាប់តាំង​ពីសង្គ្រាម​បានផុត​រលត់ទៅ។​

ក្រុមនិស្សិតជាផលិតករខ្សែភាពយន្តខ្លីទាំង៨នេះ មានសង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តឯកសារខ្លីទាំង៨រឿងនេះ តិចឬច្រើន ជាវិភាគទានរបស់​យើងខ្ញុំក្នុងការចូលរួមចំណែក ការចង្អុលបង្ហាញនូវសំណុំរឿងដែលមិនសូវទទួលបានការអើពើជាផ្នែកមួយ ក្នុងការបោះជំហានទៅរក​ដំណោះស្រាយ​ដ៏សមស្របដើម្បីការវិវឌ្ឍទៅមុខប្រកបភាពសុខដុមរមនានៃកម្ពុជា៕