(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំពលការិនីខ្មែរចំនួន៣នាក់ទៀតហើយ ឲ្យធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ពួកគេនឹងមកដល់ប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បញ្ជាក់ថា ពលការិនីទាំង៣នាក់នេះ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហើយជួបលំបាក ទើបទៅស្ថានទូតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ក្រសួងថា ពលការិនីទាំង៣នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់អ្នកទាំង៣ផងដែរ៕