(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយអះអាងថា សហចៅក្រមស៊ើបអង្កេត បានសម្រេចបិទការស៊ើបសួរប្រឆាំងនឹង អោ អាន នៅក្នុងសំណុំរឿង០០៤ និង០០៤/១ ហើយ។ សហចៅក្រមស៊ើបអង្កេត ក៏បានសម្រេចបំបែកនីតិវិធីពាក់ព័ន្ធនឹង អោ អាន ចេញពីសំណុំរឿង០០៤ ដោយបង្កើតសំណុំរឿងថ្មីគឺសំណុំរឿង ០០៤/២។

សហចៅក្រមស៊ើបអង្កេត បានចេញដីកាសម្រេចដាច់ដោយឡែកមួយទៀត ដោយកាត់បន្ថយវិសាលភាពនៃកិច្ចស៊ើបសួរប្រឆាំងនឹង អោ អាន យោងតាមវិធានផ្ទៃក្នុង៦៦ស្ទួន។ សេចក្តីជូនដំណឹងថ្ងៃនេះ គឺជាការបិទកិច្ចស៊ើបសួរដែលធ្វើឡើងរយៈពេល៨ឆ្នាំលើ អោ អាន ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបាន ចោទថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។

គួរបញ្ជាក់ថា កិច្ចស៊ើបសួរប្រឆាំងនឹង អោ អាន បានបើកដំណើរការនីតិវិធីបន្ទាប់ពីទទួលបានដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរលើកទី៣ ដែលព្រះរាជអាជ្ញាអន្តរជាតិ បានដាក់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨៕

សូមអានសេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖