(ពោធិសាត់)៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបានរថយន្តយីឌុបដឹកជញ្ជូនឈើរាជថ្កុលមួយគ្រឿង កាលពីយប់មិញ នៅស្រុកក្រគររួចមក ស្រាប់តែនៅវេលា ម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងបានបន្តការងារយ៉ាងសកម្មហើយឈានដល់ការរកឃើញរថយន្តយីឌុប មួយគ្រឿងទៀត ដែលក្រុមឈ្មួញ បានយកមកលាក់ទុកនៅចំណុចភូមិចិនយំ ឃុំ-ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខាងលើនេះ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអាវុធហត្ថស្រាវជ្រាវព័ត៌មាន និងបង្ក្រាបទល្មើសព្រៃឈើ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។  

មន្រ្តីអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា សម្រាប់អ្នកបើកបរ និងឈ្មួញបានរត់គេចខ្លួនបាត់ហើយ ក៏ព្រោះតែពួកគេមាន ខ្សែបណ្តាញថាកម្លាំងចុះទៅបង្ក្រាបទើប ឆក់ឱកាសគេចខ្លួនតែម្តង។

បើតាមការលួចបង្ហើបរបស់មន្រ្តីអាវុធហត្ថមេឈ្មួញឈើខាងលើនេះមានឈ្មោះ ង៉ោ ម៉ៅ ដែលបានជួលប្រជាពលរដ្ឋ អារ ផ្តួល រលំឈើប្រភេទនេះ ដើម្បីដឹកជញ្ជូនទៅទីផ្សារនៅ ប្រទេសវៀតណាម៕