(ភ្នំពេញ) ៖ អំណោយជាគ្រឿង ឧបភោគ បរិភោគ និងថវិការបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ត្រូវបានក្រុមប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយក​ទៅចែកជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ជនពិការ  ចំនួន ៦០គ្រួសារ រស់នៅក្នុងភូមិទាំង៨ សង្កាត់ក្បាលកោះ ដើម្បីសម្រាលការលំបាកដល់ ជីវភាព ប្រចាំថ្ងៃ​បានមួយរយៈពេល។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក អ៊ាង សុីផាន  អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ , លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ , លោក ថេង សុថុល អភិបាលរងខណ្ឌ រួមនឹង ចៅសង្កាត់ , យុវជនខណ្ឌ-សង្កាត់ ជាច្រើននាក់ បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដោយផ្ទាល់ ចំនួន ៦០គ្រួសារដល់ខ្នងផ្ទះ ។

លោក ខៀវ សំអាត មន្ត្រីកសកបាទក្រហមខណ្ឌ បសនអោយដឹងថា អំណោយកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន :  អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ្ឋ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៣មឺនរៀលផងដែរ ។

ជាមួយនិងសកម្មភាពមនុស្សធម៍នាំយកអំណោយចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនេះ លោក អ៊ាង សុីផាន ប្រធានគណៈកម្មធិការ អនុសាខាកាកបាទក្រហមខណ្ឌ បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ តាមខ្នងផ្ទះ យ៉ាងដូច្នេះថា សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាលតែងណែនាំដល់ អាជ្ញាធរ អោយយកចិត្តដាក់ចុះសួរសុខទក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពលរដ្ឋគ្មានទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយនាំអំណោយ សង្គ្រោះបន្តបន្ទាប់ទៅជួយតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបាន​មកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។

ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បងប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។

លោកអភិបាលខណ្ឌបានបន្តថា ​អ្វីដែលសំខាន់សូមបងប្អូនខិតខំ​រកស៉ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែ សូមកុំរកស៉ីមុខរបរណាដែលខុសច្បាប់​ ដើម្បីទ្រទ្រង់ជីវភាពអោយ​ បានប្រសើរឡើងនិងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ។​

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា ៕