(ពោធិ៍សាត់)៖​ ឈើប្រភេទហាមឃាត់ រាជថ្កុល (ឈើម្រេញ) ពេញ១រថយន្តយីឌុប ដែលឈ្មួញគគ្លើន ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបានក្នុង បទល្មើសដឹកជញ្ជូនជាក់ស្តែង​។

សមត្ថកិច្ចបាន្យដឹងថា ការបង្រ្កាបខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០១៦​ ត្រង់ចំណុចស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តថា រថយន្តយីឌុបដឹកឈើម្រេញនេះ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់​ ដើម្បីឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ ចូលរួមធ្វើការវាស់វែង ពិនិត្យរួមគ្នា នៅព្រឹកថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៦នេះ ​​តាមនីតិវិធីចាត់ការបន្តកសាង សំណុំរឿងទៅសាលាដំបូងខេត្ត​។

សមត្ថកិច្ចបន្ថែមថា​ មនុស្សម្នាក់ក៏ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរ​ដែរ ដើម្បីឈានដល់ការស្វែងរកមេក្លោងកាប់បំផ្លាញ​ និងដឹកជញ្ជូនឈើដ៏កម្រ​ ហើយច្បាប់ហាមឃាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ប្រភពពីឈ្មួញមួយចំនួន បានបង្ហើបថា​ មេក្លោងរកស៊ីប្រមូលទិញឈើពីការកាប់បំផ្លាញ នៅតំបន់ខេត្តពោធិ៍សាត់​ ខេត្តកោះកុង គឺមានឈ្មោះ​ ង៉ោ​ ម៉ៅ​ ហើយរថយន្តដឹកឈើនេះ ក៏ជារបស់ឈ្មួញរូបនេះដែរ​ ដូច្នេះសមត្ថកិច្ចងាយស្រួល នឹងបន្តនីតិវិធីរកពីសាវតា ជនល្មើសនេះ យកទៅផ្តន្ទាទោសឲ្យខានតែបាន៕