(វ៉ាស៊ីនតោន)៖ នៅទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីការបន្ថែមរយៈពេល១០ឆ្នាំទៅលើ «ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់» ដែល​ត្រូ​វបាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិកនាពេលថ្មីៗនេះបានចូលជាធរមានពេញលេញហើយ នៅ​ថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូនេះ ទោះបីជាលោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា មិនបានចុះហត្ថលេខាយ៉ាងណាក្តី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលដកស្រង់ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍ខាងលើ បានលើកឡើងដូច្នេះថា «រដ្ឋបាលអាមេរិកបច្ចុប្បន្នបានបញ្ជាក់យ៉ាងច្បាស់ថា ការ​បន្ថែម​រយៈ​ពេល​នៃការ​ដាក់​ទណ្ឌ​កម្ម​​ប្រឆាំង​នឹងប្រទេសអ៊ីរ៉ង់ ឬហៅកាត់ថា​ ISA ទោះបីមិនសូវជាចាំបាច់ តែស្របទៅនឹងការប្តេជ្ញា​របស់​យើង​ចំពោះ​កិច្ច​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ទាំងស្រុង ហើយនាពេលនេះសេចក្តីព្រាងច្បាប់ស្តីពីការបន្ថែមរយៈពេល១០ឆ្នាំទៅលើ ISA បានចូលជាធរមានពេញលេញ ដោយគ្មាន​ហត្ថលេខារបស់ប្រធានាធិបតីអាមេរិកឡើយ»

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់បានចោទថាទង្វើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​ដល់កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ជាមួយនឹងមហា​អំណាច​ពិភព​លោក​ទាំង០៦ រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ស្តីពីការគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែ​របស់ទីក្រុងតេហេរ៉ង់ ជាថ្នូរសម្រាប់ការដកទណ្ឌកម្ម មួយចំនួនចេញវិញ ហើយប្រធានាធិបតីអ៊ីរ៉ង់ក៏បានព្រមានថា ​នឹងធ្វើការ​សងសឹកតបត​ទៅវិញថែមទៀតផង។

ដោយឡែកច្បាប់ ISA (Iran Sanctions Act) ដែលដើមឡើយត្រូវផុតសុពលភាពនៅចុងឆ្នាំ២០១៦នេះហើយនោះ នឹងត្រូវបន្តរហូត​ដល់​ឆ្នាំ​២០២៦៕