(កំពង់ស្ពឺ)៖ ក្រុមអាជីវករ២នាក់ ប្តី-ប្រពន្ធ ដែលលក់មាសនៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានអះអាងថា ពួកគេត្រូវបានជនសង្ស័យ២នាក់ មកភ្ជង់ប្លន់យកមាសជាច្រើនតម្លឹង នៅពេលដែលពួកគេយកមាសចេញ ពីទូលក់ក្នុងផ្សារ សំដៅមកផ្ទះ ស្ថិតនៅភូមិ ឃ្លាំងប្រាំ ឃុំ វាំងចាស់ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សំ សាមួន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកមិនទាន់អាចនិយាយបានទេ ដោយស្ថិតក្រោមការស្រាវជ្រាវជាមុនសិន ពីព្រោះតាមការសួរនាំនោះ ជនរងគ្រោះជាប្តីនិយាយផ្សេង ដោយឡែកប្រពន្ធនិយាយផ្សឹង។

ជនរងគ្រោះជាប្តីឈ្មោះ អ៉ឹង ប៊ុនតុង អាយុ៣៣ឆ្នាំ និងប្រពន្ធមិនទាន់ស្គាល់ឈ្មោះ ជាអាជីវករលក់មាសនៅក្នុងផ្សារឧដុង្គ។

តាមដំណើររឿង នៅមុនពេលកើតហេតុ ជនរងគ្រោះបានលក់មាស នៅផ្សារឧដ្តុងចំនួន០២ទូ ដោយប្តីលក់១ទូ និងប្រពន្ធលក់១ទូ។

ពេលកើហេតុកប្តីបានជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ យកគ្រឿងអលង្ការដែលខ្លួន បានលក់មកទុកនៅផ្ទះ រួចមកក៏ជិះម៉ូតូទៅយកគ្រឿងអលង្ការ របស់ប្រពន្ធមកទុកនៅផ្ទះទៀត លុះពេលជិះមកដល់មាត់ច្រកទ្វាររបងចូលផ្ទះ ស្រាប់តែមានជនល្មើសចំនួន០២នាក់ ជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ពុំចាំស៊េរី ជិះមកឈប់ពីក្រោយជនរងគ្រោះ។

ភ្លាមនោះជនល្មើស ដែលជិះពីក្រោយបានស្ទុះ មកចូលធ្វើសកម្មភាពយកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកមកភ្ជង់ជនរងគ្រោះ ប្រតាយប្រតប់ទាញយកកាបូបគ្រឿងអលង្ការ ហើយយកកាបូបនោះ ឡើងជិះម៉ូតូទាំងពីរនាក់ឆ្ពោះទៅទិសខាងកើត ឡើងទៅផ្លូវលេខ៥២ សំដៅទៅទិសខាងលិចបាត់ទៅ។

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី សំ សាមួន បានបញ្ជាក់ថា នៅពេលសួរនាំនោះ បុរសជាប្តីប្រាប់ថា អស់មាស៤០តម្លឹង រីឯប្រពន្ធថាអស់៣០តម្លឹង ហើយសម្រាប់អ្នកលក់ដូចគ្នានៅផ្សារថា លក់ដូចជាមិនច្រើននោះទេ ដូច្នេះលោកមិនទាន់ហ៊ានសន្និដ្ឋាន នៅឡើយទេចាំស្រាវជ្រាវចប់សិន។

សម្រាប់លោកស្នងការ នៅពេលនេះកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ តាមរយៈការមើលកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ ក្រោយពីបានសម្រាក នៃការស្រាវជ្រាវតាំងពីម៉ោង៥៖៣០នាទីល្ងាច រហូតដល់ម៉ោង១យប់៕