(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបកំណើតគម្រប់ ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ក្នុងពិធីខួបកំណើតរបស់ភរិយាប្រមុខដឹកនាំប្រទេសកម្ពុជា មិនត្រូវបានរៀបចំឲ្យអធិកអធមនោះឡើយ គឺត្រូវបានធ្វើយ៉ាងសាមញ្ញនៅក្នុងលំនៅឋាន ដោយមានការជួបជុំជូនពរពីកូនៗ និងចៅៗ ជាមួយនំខួបកំណើតមួយ។ នេះបើយោងទៅតាមរូបភាពជាច្រើនសន្លឹក ដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើទំព័រ Facebook របស់សម្តេចនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

ជាមួយការបង្ហាញរូបភាពនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលទៅនិយាយពាក្យរីករាយថ្ងៃខួបកំណើត និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងចៅៗ ឲ្យមានសុខភាពល្អ មានកម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងធ្វើឲ្យដំណើរការដឹកនាំកាកបាតក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យកាន់តែមានដំណើរការល្អប្រសើរ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ៕