(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្មបានបើកការតាំងពិព័រណ៍ «ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១កម្ពុជា» លើកទី១១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះមានការចូលរួមតាំងបង្ហាញផលិតផលពីប្រទេសថៃ, ចិន (ខេត្តយូណាន់ និងហ្វូជាន), កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឆេក ព្រមទាំងក្រុមហ៊ុន អង្គការ-សមាគម និងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត សរុបចំនួន ៣២៣ស្តង់។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងពិធីបើកពិព័រណ៍ថា ការតាំងពិព័រនេះបានចូលរួមជាប្រយោជន៍យ៉ាងច្រើនសម្រាប់ផលិតករ។ លោករដ្ឋមន្រ្តីថា ការតាំងពិព័រណ៍នេះបានជួយអ្នកផលិត អ្នកលក់បានជួបជុំគ្នាចែករំលែកចំណេះដឹងបន្ថែមលើការផលិតផលិតផល និងផ្លាស់ប្តូរយោលបល់រកវិធីសាស្រ្ដីធ្វើឲ្យផលិតផលកាន់តែល្អប្រសើរឡើងទាំងគុណភាព និង ការវេចខ្ចប់។

ក្រុមផលិតករ និងអាជីវករ ដែលបានយកផលិតផលមកតាំងបង្ហាញសុទ្ធតែបានបង្ហាញក្តីរីករាយ និងគំនិតសុទិដ្ឋិនិយមចំពោះការរៀបចំ ឲ្យមានពិព័រណ៍នេះឡើង។

លោក ភឿន គីមលី អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តសៀមរាបបានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំបានមកតាំងពិព័រណ៍នៅទីនេះ ដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។ ក្នុងថ្ងៃនេះខ្ញុំមានខ្ញុំបាននាំផលិតផលខ្មែរជាច្រើនមកធ្វើការតាំងពិព័រណ៍រួមមាន សិប្បកម្ម ចំលាក់ ស្បែក រួមទាំងសាចក្រក់សៀមរាបផងដែរ សម្រាប់ការលក់ផលិតផលតាំងពិព័រណ៍នេះ គឺមានការគាំទ្រច្រើនពីសំណាក់អតិថិជន តែអ្វីដែលរិតតែទទួលបានការគាំទ្រច្រើនទៀតនោះ គឺសាច់ក្រកដោយប្រអតិថិជនមានការជៀវសាច់ក្រកច្រើនជាផលិតផលផ្សេងៗ»

អ្នកស្រី ណៃ ឃាងជាអាជីវករដែលបានមកតាំងពិព័រណ៍មកពីខេត្តក្រចេះបានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំបាននាំយកនៅយកជាប្រភេទផ្លែឈើ គ្រឿងអនុស្សវរី៍ និងចំណីអាហារមកតាំងពិព័រណ៍ ការតាំងពិព័រណ៍ថ្ងៃនេះទទួលបានការគាំទ្រច្រើនពីអតិថិជន។ អ្នកស្រីបានថ្លែងបន្ដទៀតថាសម្រាប់ផលិតផលដែលលោកស្រីនាំមកគឺមានភាពតម្លៃសមរម្យ តែគ្រាន់តែថាផលិតផលណាដែលឆ្ងាញ់គឺមានតម្លៃថ្លៃបន្ថិចតែប៉ុណ្ណោះ»

បើតាមលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិព័រណ៌រយៈពេល ៣ថ្ងៃនេះ ក៏មានរៀបចំជំនួបពាណិជ្ជកម្ម, វេទិកាវិនិយោគ, សិក្ខាសាលា, ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា ដើម្បីផ្តល់ឱកាសជូនពាណិជ្ជករ អ្នកវិនិយោគ ក្នុងការចាប់ដៃគូ និងដាក់ទុនវិនិយោគរួមគ្នា៕