(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសយ៉ាងមុតមាំថា ក្រសួងការងារ និងពួតដៃជាមួយភាគីពាក់ព័ន្ធនានា រួមគ្នាបន្តអនុវត្តយុទ្ធនាការប្រយុទ្ធទប់ស្កាត់ នៃការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីពង្រីកការផ្សព្វផ្សាយអំពីបញ្ហានេះ ឲ្យបានជ្រួតជ្រាបបន្ថែមទៀត ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

ថ្លែងដូចនេះ ត្រូវបានធ្វើឡើងក្នុងពីធីអបអរសាទរ និងប្រគល់ប័ណ្ណសរសើរដល់សហគ្រាស-គ្រឹះស្ថានឆ្នើមជាងគេចំនួន ១៧៦ស្ថាប័ន ក្នុងចំណោមសហគ្រាស-គ្រឹះស្ថាន ជិត១ម៉ឺនស្ថាប័ន ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ នៃការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ប្រចាំឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពី តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ប្រធានអង្គការ UNAIDS ប្រចាំនៅកម្ពុជា, អ្នកជំនាញការជាន់ខ្ពស់ផ្នែក HIV/AIDS ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក, តំណាងភាគីនិយោជក, តំណាងភាគីសហជីព, តំណាងសហគ្រាស-គ្រឹះស្ថាន និងកម្មករនិយោជិត ជាច្រើននាក់ទៀត។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា «យុទ្ធនាការប្រយុទ្ធទប់ស្កាត់ នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ប្រចាំឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើអស់រយៈពេល ១២ឆ្នាំ មកហើយ, ពីមួយឆ្នាំទៅមួយឆ្នាំ ឃើញថាយុទ្ធនាការនេះ មានការរីកចម្រើនឡើង។ ក្នុងឆ្នាំនេះ មានដល់១៧៦សហគ្រាស-គ្រឹះស្ថាន ដែលបានទទួលប័ណ្ណសរសើរ ពីក្រសួងការងារ ក្នុងចំណោមសហគ្រាស-គ្រឹះស្ថាន ជិត១ម៉ឺនស្ថាប័ន»

លោកបញ្ជាក់ថា ក្រសួងការងារ និងដៃគូពាក់ព័ន្ធនានា នឹងបន្តអនុវត្តយុទ្ធនាការប្រយុទ្ធទប់ស្កាត់ នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នេះ ឲ្យបានខ្លាំងក្លា និងផ្សព្វផ្សាយឲ្យកាន់តែជ្រោតជ្រាបបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺទៅដល់ស្រទាប់យុវជនគ្រប់ៗគ្នា តែម្ដង។

លោកបន្តថា យុទ្ធនាការនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកគាំទ្រយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏ជាគោលដៅដ៏ធំរបស់ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ។

នៅឆ្នាំ២០២០ កម្ពុជាត្រូវសម្រេចឱ្យបាននូវគោលដៅ ៩០-៩០-៩០ ដែលជាដំណាក់កាលមុនការលុបបំបាត់។ ក្នុងនេះមានន័យថា មនុស្សទាំងអស់ដែលផ្ទុកមេរោគអេដស៍ ៩០ភាគរយ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ, ៩០ភាគរយ បានធ្វើរោគវិនិច្ឆ័យ និងបានបន្តទទួលការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩០ភាគរយទៀត បានកម្ចាត់មេរោគអេដស៍ក្នុងឈាមរបស់ខ្លួន។

តាមរយៈការកំណត់ទិសដៅនេះ នៅក្នុងដំណាក់កាលលុបបំបាត់ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គោលដៅទាំង៣ខាងលើ ត្រូវសម្រេចឱ្យបាននូវគោលដៅ ៩៥-៩៥-៩៥។

លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៥ កន្លងទៅ អត្រាថ្មីនៃអ្នកឆ្លងមេរោគអេដស៍នៅកម្ពុជា មានចាប់ពី៦០០ ទៅ៧០០នាក់ ដែលភាគច្រើន គឺជាក្រុមស្រឡាញ់ភេទដូចគ្នា (បុរសរួមភេទជាមួយបុរស), ក្រុមអ្នកធ្វើការនៅកន្លែងកម្សាន្តសប្បាយនានា និងក្រុមយុវជនដែលបានប្រើប្រាស់គ្រឿងញៀន។

លោក តែង គន្ធី បានដាក់អនុសាសន៍ ដែលវិធានការទប់ស្កាត់ការឆ្លងមេរោគអេដស៍នេះផងដែរ ដូចជា ប្រជាពលរដ្ឋដែលងាយប្រឈមនឹងបញ្ហានេះ ត្រូវប្រញាប់ទៅធ្វើតេស្តឈាមជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ចំពោះកម្មករ-ការិនី ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយខ្លួនឯងគ្រប់ពេលវេលា ជាកំហិត។

ទោះយ៉ាងណា លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ផងដែរថា ក្រសួងការងារ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធនានា បាននិងកំពុងផ្សព្វផ្សាយបញ្ជ្រាបអំពីបញ្ហាទាំងនេះ ទៅដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ មកហើយ ពិសេសគឺទៅដល់ស្រទាប់យុវជននៅទូទាំងប្រទេស តែម្ដង៕