(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានបង្រ្កាប និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រុសស្រីចំនួន៧នាក់ ដែលពួកគេកំពុងផ្តុំគ្នាសម្ងំជក់ថ្នាំ ត្រង់ចំណុចផែអូប័រ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រមទាំងដកហូត ថ្នាំម៉ាទឹកកកចំនួន១២កញ្ចប់ និងវត្ថុតាងសន្ធឹកសន្ធាប់ទៀតផង។

មន្រ្តីអាវុធហត្ថខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ថា កាលពីថ្ងៃម្សិលមិញ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់។

ជនសង្ស័យខាងលើ រួមមាន៖ ១.ឈ្មោះ ហម ប្រុស (ហៅអាឆ្កែ) អាយុ២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ទើបនឹងចេញពីពន្ធនាគារ)។ ២.ឈ្មោះ ដួង ណារិន (ហៅអាកណ្ដុរ) អាយុ១៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ទើបនឹងចេញពីពន្ធនាគារ)។ ៣.ឈ្មោះ ជុំ ម៉ុស (ហៅសន) អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

៤.ឈ្មោះ សែន សុខនូ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានស្រុកកំណើតនៅភូមិបាស្ដាំ ឃុំទំនុក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ៥.ឈ្មោះ ផុន ស្រីណាម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានស្រុកកំណើតនៅភូមិត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ៦.ឈ្មោះ ជ័យ តុលា អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និង៧.ឈ្មោះ ស៊ន វត្តារស័ក្ក អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចហើយ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ថ្នាំម៉ាទឹកកក ១២កញ្ចប់ ស្មើនឹង ១.៣៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង, ដែកឆាប១, ទូរស័ព្ទដៃ ៥គ្រឿង, ដបសម្រាប់ជក់គ្រឿងញៀន១, ទុយោជក់ថ្នាំ៣, ដែកកេះ៤, កន្ទ្រៃ១, ថង់សម្រាប់ច្រកថ្នាំញៀន១៦, ម៉ូតូសង់សេរី២០១៦ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-9549។

បច្ចុប្បន្ន វត្ថុតាងនិងជនសង្សយ័ខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធីបន្ត៕