(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានដេញចាប់រថយន្ដដឹកឈើល្មើសច្បាប់ បានចំនួន២គ្រឿង តែរថយន្តដឹកឈើល្មើសច្បាប់ចំនួន៣គ្រឿងទៀត បានបើកគេចបាត់ នៅវេលាមោង១រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុច ភូមិបុសលាវគ្រោម ឃុំបុលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត បានឲ្យដឹងថា កម្លាំងចម្រុះរួមមាន មន្រ្តីផ្នែករដ្ឋបាលព្រៃឈើ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមាហាផ្ទៃ និងនគបាលប៉ុស្ដិ៍រដ្ឋបាល បានដេញចាប់រថយន្តចំនួន២គ្រឿង តែ៣គ្រឿងទៀតរត់រួច។

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតរូបនោះ បន្ដទៀតថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ តែគួរឲ្យស្ដាយដោយកម្លាំងតិច ស្រាប់តែរថយន្តល្មើស៣គ្រឿងទៀតបានបើកគេចបាត់តែម្តង។

បច្ចុប្បន្នរថយន្ដទាំងពីរគ្រឿង ត្រូវកម្លាំងជំនាញនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីទុកវាស់វែង និងកសាងសំណុំរឿងតាមច្បាប់រដ្ឋបាលព្រៃឈើ៕