(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង កងទ័ពត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការពារឱ្យបាន ដាច់ខាតនូវសមិទ្ធផលនានារបស់សង្គមជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ សំដៅការពារសុខសន្តិភាព ការពារភាពសុខសាន្តជូនប្រជាជន។

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងបទឧទ្ទេសនាម ស្តីអំពីភាពជាអ្នកដឹកនាំ បទពិសោធន៍នាសម័យសង្គ្រាម និងសភាពការណ៍ នយោបាយបច្ចុប្បន្ន ជូនដល់នាយទាហាន យោធាចារ្យនិស្សិត នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ) នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

នាយឧត្ដមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងថា ប្រទេសជាតិកម្ពុជា បានឆ្លងកាត់នូវរបត់សង្គមជាច្រើន ដោយមានសង្គ្រាមផ្ទៃក្នុងរាំងរៃផង និងការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងផង បានធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង នៅក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។

លោកបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តសម្រេច បានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗជាច្រើនថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបាននឹងកំពុង បន្តការកែទម្រង់កងយោធពលខេមរៈភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ នៃកងយោធពល ខេមរៈភូមិន្ទឱ្យកាន់តែមុតស្រួច ដើម្បីបន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធិភាពនូវអធិបតេយ្យភាព បូរណភាពទឹកដីសន្តិសុខ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសនោះឧត្ដមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យមាន៥មហាវិទ្យាល័យ, ១មជ្ឈមណ្ឌល និង១០ការិយាល័យចំណុះ។ បច្ចុប្បន្នសាកលវិទ្យាល័យ បាននិងកំពុងដំណើរការហ្វឹកហ្វឺន និងបណ្តុះបណ្តាលប្រចាំឆ្នាំសិក្សា២០១៦ ចំនួន១២វគ្គ, មាននិស្សិតចំនួន៣០៨នាក់ផងដែរ។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនសាកលវិទ្យាល័យការពារជាតិ មានអង្ករ៥តោន ត្រីខ១០កេស មី១០០កេស ព្រមទាំងបានឧបត្ថម្ភដល់នាយទាហានយោធាចារ្យ៧០នាក់ និស្សិត៤១១នាក់ និងផ្តល់ម៉ូតូចំនួន៥គ្រឿង សំរាប់បំរើការជូនសាលាផងដែរ៕