(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ អ្នកទិញស៊ីមកាតយកទៅប្រើប្រាស់មានជិត ២០លាននាក់ រីឯអ្នកប្រើប្រាស់អ៉ីនធឺណែតមានជាង ៧លាននាក់ បើធៀបទៅឆ្នាំ២០១២ ចំនួននេះកើនឡើងជាង៣ដង។

លោករដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក ត្រាំង អ៉ីវតឹក បានបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ អត្រាអ្នកទិញស៊ីមកាត កើនដល់ចំនួន ១៩,៣៤៩,៤៨២នាក់ រីឯអ្នកប្រើប្រាស់អ៉ីនធឺណែត បានកើនពី ២,៧០៦,៩២២នាក់ នៅក្នុងឆ្នាំ២០១២ មកដល់ ៧,១៧០,១៣៧នាក់ ដែលចំនួនកើនឡើងជិត៣ដង។

លោករដ្ឋមន្រ្តី បានបន្ថែមថា តាមរយៈប្រភពហិរញ្ញបទាន សម្បទាន និងការវិនិយោគវិស័យឯកជន គុណភាពបណ្ដាញ និង សេវាត្រូវបានពង្រឹងជាលំដាប់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយបច្ចេកវិទ្យាថ្មីមាន 4G ជាដើម ដែលកំពុងបញ្ចូលក្នុងទីផ្សារ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិច កើនដល់ប្រវែង ២៩,៧០០គីឡូម៉ែត្រ បានគ្របដណ្ដប់តាមបណ្ដាខេត្ត និងតភ្ជាប់ទៅប្រទេសជិតខាងផងដែរ។

ពាក់ព័ន្ធនិងភាពរីកចម្រើនលើប្រព័ន្ធទូរគមនាគមន៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីផលលំបាករបស់កម្ពុជាក្នុងការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ក៏ដូចជាការប្រើប្រាស់ទូរស័ព្ទកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ការប្រើប្រាស់លេខទូរស័ព្ទដំបូង កម្ពុជាប្រើប្រាស់លេខទូរស័ព្ទតែ២លេខតែប៉ុណ្ណោះ ហើយអ្នកដែលអាចប្រើបានមាន តែថ្នាក់ដឹកនាំ រីឯរាស្ដ្រសាមញ្ញប្រើទូរស័ព្ទរវៃ ធ្វើឲ្យការទំនាក់ទំនងគ្នាមានផលលំបាកខ្លាំងណាស់។ ប៉ុន្ដែបច្ចុប្បន្ននេះបន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កម្ពុជាមានលេខទូរស័ព្ទងាយស្រួលប្រើប្រាស់ដូចសព្វថ្ងៃនេះ ហើយសម្ដេចក៏អរគុណចំពោះការខិតខំប្រឹងប្រែងនេះផងដែរ។

សម្ដេចតេជោ ថ្លែងថា «ខ្ញុំត្រូវតែថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំទាំងអស់ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលបានឆ្លងកាត់នៅ ពេលវេលាដ៏លំបាកសម្រាប់ប្រទេសរបស់យើង។ ខ្ញុំនៅចាំបានថា នៅពេលនោះទីក្រុងភ្នំពេញរបស់យើងប្រើទូរស័ព្ទ ២លេខ អាហ្នឹងសម្រាប់តែមេដឹកនាំប៉ុន្មាន នាក់តែប៉ុណ្ណោះ ហើយក្រៅពីនោះប្រើអារវៃ បន្ទាប់ទៅក៏មានប្រើអាខ្សែហ្នឹងដែរ តែទម្រាំតែទាក់ទងគ្នាបានម្ដងៗ គឺលំបាកណាស់ ជាពិសេសគឺទាក់ទងទៅតាមខេត្ត»

សូមបញ្ជាក់ថា អគារក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី មានទីតាំងស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាប់សាលារាជធានីភ្នំពេញ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកមិញនេះ បានចាប់ផ្ដើមសាងសង់កាលពី ខែសីហា ឆ្នាំ២០១៤ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ចំណាយប្រាក់សាងសង់សរុបជាង ៧លានដុល្លារ (៧,៦៩៦,៣១២ដុល្លារ)៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖