(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋា-យិកានិងឆ្មប លើកទី៦ ដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រាបចំណេះដឹងបន្ថែម ដល់ក្រុមគ្រូពេទ្យពាក់ព័ន្ធនានា និងលើកកម្ពស់គុណភាពនៃសេវាថែទាំព្យាបាលជំងឺ ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកសាស្រ្តចារ្យ ឈាង រ៉ា បានឲ្យដឹងថា ជាទិវាវិទ្យាសាស្រ្តថែទាំនេះ មានសារសំខាន់ និងចាំបាច់ក្នុងការងារលើកកម្ពស់គុណភាព នៃសេវាថែទាំព្យាបាលជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រងលើការងារថែទាំ ដើម្បីអភិវឌ្ឍន៍សមស្របតាមបណ្ដាប្រទេសជឿនលឿននានា លើសាកលលោក។

លោកអគ្គនាយករូបនេះបានបន្តថា «តួនាទីរបស់គិលានុបដ្ឋា-យិកា ក៏ដូចជា ពេទ្យឆ្មប មានសារសំខាន់ណាស់ ក្នុងការថែទាំព្យាបាលឲ្យមានប្រសិទ្ធភាព ពីព្រោះពួកគាត់ជាសហការីដ៏ជិតស្និទបំផុត របស់គ្រូពេទ្យដែលមិនអាចខ្វះបាន ក្នុងការផ្ដល់ព័ត៌មានពីស្ថានភាពអ្នកជំងឺ និងផ្តល់ការថែទាំសមស្របដល់អ្នកជំងឺនៅគ្រប់កាលៈទេស»

លោកបានបន្តទៀតថា កន្លងមកមន្ទីរពេទ្យបានរៀបចំទិវាគិលានុបដ្ឋា-យិកា ឆ្មប ចំនួន៥លើកមកហើយ ដើម្បីលើកកម្ពស់ការងារអភិវឌ្ឍន៍សមត្ថភាពជំនាញបន្ថែម ខាងការងារថែទាំជំងឺ (Nursing) ឲ្យបានកាន់តែប្រសើរឡើង ហើយកិច្ចការនេះ ក៏ត្រូវបានមន្ទីរពេទ្យទាំងអស់ ព្រមទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញកាន់តែច្បាស់ដូចគ្នាថា អ្នកថែជំងឺទាំងគិលានុបដ្ឋា-យិកា ឆ្មប មានតួនាទីនិងភារកិច្ចយ៉ាងសំខាន់ ក្នុងការថែទាំព្យាបាលអ្នកជំងឺ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងគុណភាព សេវាថែទាំព្យាបាលដល់អ្នកជំងឺ។

ជាមួយគ្នានេះ លោក សៀង សុធា ជំនួយការអគ្គគិលានុបដ្ឋា-យិកា នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋា-យិកា និងឆ្មបនេះ ធ្វើឡើក្នុងគោលបំណងសំខាន់ៗជាច្រើន ដូចជា៖

ទី១៖លើកកម្ពស់សកម្មភាពអនុវត្ត បង្កើនគុណភាព ក្នុងការផ្ដល់សេវាថែទាំ ប្រកបដោយគុណភាព មានប្រសិទ្ធភាពខ្ពស់ និងភាពទទួលខុសត្រូវ របស់គិលានុបដ្ឋា-យិកា និងឆ្មប ដែលជាសហការីដល់ជិតស្និទជាមួយគ្រូពេទ្យ។

ទី២៖ពង្រឹងសមត្ថភាពទទួលខុសត្រូវ លើកការអនុវត្តការងារថែទាំឲ្យមានគុណភាព ស្របតាមការវិវត្តនៃបច្ចេកវិទ្យាថ្មី និងការថែទាំដូចៗគ្នា ទាំងអ្នកក្រីក្រ និងអ្នកមានលទ្ធភាព ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

ទី៣៖ពង្រឹងសមត្ថភាពដល់គិលានុបដ្ឋា-យិកា និងឆ្មប ដើម្បីផ្ដល់សេវា ថែទាំឆ្លើយតបតាមតម្រូវការរបស់អតិថជន និងតាមការរីកចម្រើន នៅប្រទេសជិតខាង ក្នុងតបន់អាស៊ាន។

ទី៤៖ពង្រឹងនូវការរៀបចំសណ្ដាប់ធ្នាប់អនាម័យ និងភាពស្អាតជានិច្ច ក្នុងគោលដៅកាត់បន្ថយ និងលប់បំបាត់នូវការចម្លងរោគ ក្នុងមន្ទីរពេទ្យ។

ទី៥៖ទាញយកបទពិសោធន៍ការងារ ពីអង្គសិក្ខាសាលា ដើម្បីយកទៅអនុវត្តន៍សហការជាមួយគ្រូពេទ្យ ឲ្យមានការរីកចម្រើន លើផ្នែកថែទាំព្យាបាលជូនប្រជាពលរដ្ឋ៕