(ពោធិ៍សាត់)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ​ដោយខ្លួនឯងមួយបានកើតឡើង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យជនរងគ្រោះ២នាក់រងរបួស ក្នុងចំណោមមនុស្សប្រុសស្រី២០នាក់ ដែលជិះក្នុងរថយន្ដនោះ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្ដដែលរងគ្រោះថ្នាក់នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពត ​3A-0372 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែ​ក្រឡាប់ទៅចិញ្ចើមថ្នល់ខាងជើង បណ្ដាលឲ្យជនរងគ្រោះ២នាក់តែប៉ុណ្ណោះរងរបួស ក្នុងចំណោយអ្នករួមដំណើរ២០នាក់។ នគរ​បាលថា ការគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរងងុយដេក។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រី​ឯរថយន្ដសមត្ថកិច្ចស្ទួចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមក្រោយ៕