(ព្រះសីហនុ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនទីនាវាចរអេឡិកត្រូនិក នៅក្នុងដែនសមុទ្រកម្ពុជា ក្រោមអធិបតីភាពលោក តូច ចាន់កុសល រដ្ឋលេខាធិការ និងជា តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។

សិក្ខាសាលានេះ គឺមានការចូលរួមជាគណៈអធិបតីពីលោក Naoki NITORI លេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោក ឡេង ធនយុទ្ធា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក Itsu ADACHI ប្រធាន JICA ប្រចាំកម្ពុជា, ហើយអង្គសិក្ខាសាលា ក៏មានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានាដូចជា ខាងក្រសួងបរិស្ថា, ក្រសួងរ៉ែ និងថាមពល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងមហាផ្ទែ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា, ក្រុមហ៊ុនកំពង់ផែឯកជន ផងដែរ ។

មានមតិបើកអង្គសិក្ខាសាលា លោក  តូច ចាន់កុសល បានសំដែងការស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះការចូលរួម របស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ដែលបានផ្តល់ជំនួយដល់កម្ពុជា លើគម្រោងផលិតផែនទីនាវាចរ តាមប្រព័ន្ធអឡិកត្រូនិកនេះ ។ នេះជាកាបោះជំហានថ្មីមួយសម្រាប់កម្ពុជា ក្នុងវិស័យនាវាចរ  ជាពិសេសគឺការអនុវត្តតាមបទដ្ឋានអន្តរជាតិ ស្តីពីសុវត្ថិភាពនាវាចរ ។

លោក ក៏បានលើកឡើងពីខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យ ដឹកជញ្ជូនផ្លូវទឹក ផងដែរ ដូចជា ការបង្កើតគោលនយោបាយជាតិ ស្តីពី កំពង់ផែ ការបង្កើត ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។

គម្រោងផលិតផែនទីនាវាចរអេឡិកត្រូនិកនេះ បានប្រើប្រាស់រយៈពេល ៣ឆ្នាំ ដោយមិនត្រឹមតែ បានផលិតផែនទីនាវាចរអេឡិកត្រូនិកប៉ុណ្ណោះទេ តែក៏បានផ្តល់នូវអត្ថ ប្រយោជន៍សំខាន់ៗផ្សេងទៀតដូចជា ៖ ការបណ្តុះបណ្តាលមន្រ្តី លើជំនាញផលិតផែនទីនេះ ដើម្បីអាចឱ្យមន្រ្តីមាន សមត្ថភាព អាចធ្វើបានដោយឯង, ផ្តល់នូវឧបករណ៍សំខាន់ៗ សម្រាប់បម្រើការងារជំនាញតទៅមុខទៀត ៕