(ភ្នំពេញ)៖ នៅវេលា១១៖៣០នាយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៥១ កែងផ្លូវ២០០ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ដដែលបណ្តាលឲ្យ ម្ចាស់ម៉ូតូរងរបួសធ្ងន់ ខណៈភ្លាមៗបន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តមិនបានឈប់ទទួលខុសត្រូវទេ គឺព្យាយាមបើករត់ ប៉ុន្តែត្រូវបានប្រជាជនដេញតាមឃាត់ជាប់ នៅជិតវិទ្យាលឥន្ទ្រទេវី។

បើតាមសាក្សីដែលឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុគេបានឃើញរថយន្ត Lexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 2A-0999 បើកបរដោយបុរសស្រវឹងម្នាក់ តាមផ្លូវលេខ៥១កែងនឹងផ្លូវលេខ២០០ លុះបើកមកដល់ចំនុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយម្ចាស់រថយន្តខាងលើ មិនបានឈប់ដោះស្រាយទេ គឺព្យាយាមបើករត់រហូតជិត៥គីឡូម៉ែត្រ ទើបចាប់បាន។

បើតាមប្រជាពលរដ្ឋដែល ឃើញហេតុការណ៍បាននិយាយថា ម្ចាស់រថយន្តនេះមានចរិតមិនល្អសោះ បើកសុទ្ធតែឡានទំនើបហើយ បុកម៉ូតូគេរបួសហើយ មិនព្រមឈប់ដោះស្រាយ បើករថយន្តរត់ចម្ងាយរាប់គីឡូម៉ែត្រ ទើបប្រជាពលរដ្ឋឃាត់បាន ដែលជាគំរូមិនល្អឡើយក្នុងសង្គមខ្មែរ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយកើតហេតុវត្ថុតាងទាំង២ ត្រូវបានជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់រថយន្តដែលគ្មានទំនួលខុសត្រូវ ចូលខ្លួនទៅដោះស្រាយ៕