(ភ្នំពេញ)៖ បើទោះបីជនជាតិវៀតណាមជាសាសនិកសាសនាកៅដាយជាច្រើននាក់នាំគ្នាតវ៉ារារាំងយ៉ាងណាក្តី តែអាជ្ញាធររាជធានីភ្នំពេញនៅតែរក្សាជំហរម៉ឺងម៉ាត់ ព្រមទាំងសម្រេចឲ្យមានការរុះរើរូបសំណាកព្រះគ្រូ Pham Eoung Tae ចេញពីព្រះវិហារកៅដាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ការសម្រេចបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំសម្រេចនាព្រឹកមិញនេះ ក៏មានការចូលរួមអាជ្ញាធរពាក់ព័ន្ធមកពីមន្ទីរធម្មការ និងសាសនា អាជ្ញាធរមូល គណៈកម្មការគ្រប់គ្រងវិហារកៅដាយ និងតំណាងស្ថានទូតវៀតណាម នៅកម្ពុជា។

រូបសំណាកលោក Pham Eoung Tae ត្រូវបានជនជាតិវៀតណាម កាន់សាសនាកៅដាយរួមគ្នាសាងសង់ឡើងនៅអំឡុងឆ្នាំ២០១៤ ដើម្បីគោរពបូជា ដោយសារលោក Pham Eoung Tae ជាអ្នកនាំយកសាសនាកៅដាយមកកម្ពុជា និងបង្កើតព្រះវិហារកៅដាយនៅកម្ពុជាផងដែរ។

តែការបង្កើតរូបសំណាកនេះ ក៏បានធ្វើឲ្យមានការមិនពេញចិត្តផងដែរ ពីសាសនិកមួយចំនួននៅក្នុងវិហារកៅដាយ ដោយពួកគេថា សាសនាមិនដែលគោរពបុគ្គលណាមួយនោះឡើយ គឺគោរពតែរូបភាព និងអក្សរតែប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញក្រុមសាសនិក ដែលគាំទ្រឲ្យរក្សារូបសំណាកបាននាំគ្នាតវ៉ាជាច្រើន។ តែបើទោះបីជាមានការតវ៉ាយ៉ាងណាក្តី តែ លោក មាន ចាន់យ៉ាណា បានស្នើឲ្យពួកគេគោរពទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជាពិសេសត្រូវគោរពទៅច្បាប់របស់កម្ពុជា។

ទីបំផុតទៅលោក មាន ចាន់យ៉ាដា បានទុកឱសានវាទរយៈពេលមួយខែឲ្យក្រុមសាសនិកកៅដាយរុះរើរូបសំណាកនេះចេញ ពោលគឺត្រូវ តែរុះរើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បើហួសពេលនេះអាជ្ញាធរ ក៏ដូចជាគណៈកម្មការនឹងចុះរុះរើដោយផ្ទាល់តែម្តង។ ការរុះរើនេះក៏មានការឯកភាពពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក TRINH BA CAM ផងដែរ។

យោងតាមសាសនិកកៅដាយ បានឲ្យដឹងសាសនាកៅដាយត្រូវបាននាំចូលមកកម្ពុជា តាំងពីអំឡុងឆ្នាំ១៩២៧មកម្ល៉េះ ដោយព្រះគ្រូ Pham Eoung Tae៕