(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៧៖១០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានទៅដល់ព្រះបរមរាជវាំងជាសារថ្មី ដើម្បីចូលរួមពិធីលាងសាយភោជ រួមជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ ព្រមទាំងមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត។

តាមគម្រោង បន្ទាប់ពីចូលរួមពិធីលាងសាយភោជនៅក្នុងព្របរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅវេលាម៉ោងប្រមាណ២១៖០០នាទី លោកប្រធានាធិបតី ឌូតឺតេ និងគណៈប្រតិភូ នឹងចាកចេញពីកម្មវិធី ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅវេលាម៉ោង២១៖៣០នាទី លោកប្រធានាធិបតី និងគណៈប្រតិភូ នឹងចាកចេញពីកម្ពុជាដើម្បីបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី៕