(ភ្នំពេញ)៖ បន្ទាប់ពីចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សាពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចហើយ នៅម៉ោង ១៨៖២០នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានបន្តជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។ ជំនួបនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន ដែលនឹងហុចផលដល់ការវិនិយោគរបស់ប្រទេសទាំងពីរ។

សូមជំរាបថា បន្ទាប់ពីបញ្ចប់កិច្ចជំនួបនេះ រហូតដល់ម៉ោង៧យប់ថ្ងៃដដែលនេះ​លោកប្រធានាធិបតី និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។

នៅម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូនេះ លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសសិង្ហបុរី ដើម្បីបន្តដំណើរទស្សនកិច្ចនៅទីនោះជាបន្តទៀត៕