(ភ្នំពេញ)៖ ក្រុមក្មេងសិស្សសាលា២​ក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងកក្រើក ផ្អើលពេញ​ដងផ្លូវ​ជាតិលេខ៤ ទាំងកណ្ដាលថ្ងៃត្រង់ ក្បែរ​សាលារៀន​សុវណ្ណភូមិ​ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ក្រោយពេលចេញពីរៀន នាថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៦នេះ​។

​សិស្ស​ដែល​វាយ​ប្រយុទ្ធ​គ្នា​ទាំង២ក្រុមនេះ ​ម្ខាង​ៗ​មាន​គ្នា​ពី​៤ទៅ៥​នាក់ វាយគ្នាដោយប្រើ​ខ្សែក្រវាត់ និង​ដុំ​ថ្ម ​ជិះ​ម៉ូតូ​ដេញ​គ្នា​ទៅ​វិញទៅ​មក ដែលខ្លះមាន​ឯកសណ្ឋាន​ ជា​សិស្សសាលាថែមទៀត ប៉ុន្តែ​មិន​មាន​ភាគី​ណាមួយ ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពី​ប៉ុន្មាន​ខែ​មុន​ ក្រុមសិស្សសាលាទាំង​២​ក្រុម​នេះ ​បាន​មាន​ទំនាស់ជាមួយគ្នា២ទៅ៣លើកមកហើយ ​រហូត​មាន​គំនុំ​គុំ​គួ​នជាមួយ​គ្នារហូតមក ​លុះមកដល់​ថ្ងៃ​កើតហេតុខាងលើ ក្រោយពេលចេញពី​រៀន​ ភាគី​ម្ខាង​បាន​ដក​ខ្សែក្រវាត់ ​វាយទៅលើ​ភាគី​ម្ខាង​ទៀត ទើប​ធ្វើ​​បណ្ដាលឲ្យមានការវាយប្រហារគ្នា​ យ៉ាងអនាធិបតេយ្យពេញផ្លូវបែបនេះ មើលទៅហាក់ដូចគ្មាន​វិន័យ​ជា​សិស្ស​សាលាបន្តិច​ណា​ឡើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​យ៉ាង​ខ្លាំង​តាម​ដងផ្លូវជាតិលេខ៤។

សមត្ថកិច្ចបានបន្តថា ភាគី​ដែល​វាយ​គេ​មុន ​បាន​ជិះ​ម៉ូត​រត់​គេចចេញ​ទាំងស្លន់ស្លោរ បណ្ដាល​ឲ្យ​ដួល​ចូល​ក្នុងភក់ ហើយ​ត្រូវ​គូទំនាស់​តាម​ទាន់​ដេញ​វាយ​សងសឹក ​រហូត​មានការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និងចាប់យកទៅណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កចលាចលទាំងនេះ ផងដែរ៕