(ភ្នំពេញ)៖ លោក ចូសេ រឺប៊ឺតូ  អានដាណា (Jose Ruperto Martin M.Andanar) រដ្ឋមន្ត្រីព័ត៌មាន និងទទួលបន្ទុកកិច្ចទំនាក់ទំនង នៃការិយាល័យប្រធានាធិបតីហ្វីលីពីន បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនានៅក្រុមហ៊ុន Cambodia Broadcasting Service ហៅកាត់ CBS (CTN, CNC, MyTV, CTN International, One TV) ដោយមានការទទួល ស្វាគមន៍បដិសណ្ឋាកិច្ចពីសំណាក់លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន CBS, លោក មុន រ៉ាម៉ាឌី អគ្គនាយកទូរទស្សន៍ CNC, លោក លឹម ឃុនស្រ៊ុន​​ អគ្គនាយកទូរទស្សន៍ MyTV និងថ្នាក់ដឹកនាំស្ថានីយ៏បុគ្គលិកជាច្រើនរូបទៀត។

ឱកាសនោះដែរលោក អានដាណា និងគណៈប្រតិភូ១០រូបបានអញ្ជើញ ដើរទស្សនាស្ទូឌីយោផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ នៃក្រុមហ៊ុន CBS ផងដែរ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ CBS ដើម្បីស្វែងយល់ពីសក្តានុពលរបស់ក្រុមហ៊ុន CBS។

ក្នុងជំនួបសវានាការ លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន CBS បានលើកឡើងថា ក្រុមហ៊ុន CBS ដែលមានស្ថានីយ៍ទូរទស្សន៍ចំនួន៥ និងវិទ្យុ១ បានកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ឲ្យសង្គមគិតវិជ្ជមាន។​ ការគិតវិជ្ជមានរួមចំណែកកែប្រែសង្គមកម្ពុជាកាន់តែល្អប្រសើរឡើង។ ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់ CBS កំពុងបន្តបញ្ជូនព័ត៌មានពីភាពវិជ្ជមានរបស់កម្ពុជា និងការពិតនៃមាតុភូមិកម្ពុជា ទៅកាន់ប្រជាជនខ្មែរកំពុង រស់នៅក្រៅប្រទេសផង ដើម្បីគេងាកមករួមចំណែកអភិវឌ្ឍន៍កម្ពុជា។

លោកទីប្រឹក្សាជាន់ខ្ពស់រូបនោះ​ ក៏បានស្វាគមន៍ឲ្យមានកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍នៅកម្ពុជា តាមរយៈក្រុមហ៊ុន CBS ជាមួយនិងបណ្តាញផ្សព្វផ្សាយ ហ្វីលីពីនផងដែរ ដើម្បីឱ្យមានការផ្លាស់ប្តូរពត៌មាន និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញ ទៅមក​ ដើម្បីជាប្រយោជន៍រវាងប្រជាជន ទាំងពីរប្រទេសផង និងក្នុងក្របខ័ណ្ឌអាស៊ានផង។

ជាការឆ្លើយតប លោក អានដាណា បានសម្តែងការចាប់អារម្មណ៍ចំពោះស្ថានីយ៍ទូរទស្សន៍របស់ក្រុមហ៊ុន CBS ដែលរួមមានទាំងវេបសាយ APP និងវិទ្យុ ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានហ្វីលីពីន បានស្វាគមន៍ឲ្យមានកិច្ចសហប្រតិបត្តិការរវាងទូរទស្សនៅកម្ពុជា ជាមួយនឹងទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយ ហ្វីលីពីន ដើម្បីផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរពត៌មានគ្នាទៅវិញ ក្នុងន័យដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា លោក អានដាណា ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទំនាក់ទំនងនៃ ការិយាល័យប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន លោកមានតួនាទីត្រួតពិនិត្យ មើលប្រតិបត្តិការទីភ្នាក់ងារព័ត៌មាន និងដំណឹងរបស់រដ្ឋាភិបាល, ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុនៅប្រទេសហ្វីលិពីន ហើយរូបលោកក៏នឹងដើរតួនាទី ជាអ្នកនាំពាក្យរបស់ ប្រធានាធិបតី នៅក្នុងសន្និសីទសារព័ត៌មានផងដែរ។ រដ្ឋមន្ត្រីរូបនេះធ្លាប់ជាអតីតពិធីករព័ត៌មានទូរទស្សន៍, អ្នកអត្ថាធិប្បាយវិទ្យុ, អ្នកផលិតកម្មវិធី និងជាអ្នកបញ្ចូលសំលេងល្បីមួយរូបនៅប្រទេសហ្វីលីពីន៕